(អាមេរិក)៖ ក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកបាននិងកំពុងតែបើកការស៊ើបអង្កេតលើករណីក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Tencent ទិញយក (កាន់កាប់ផ្ដាច់មុខ) ក្រុមហ៊ុនផលិតវីដេអូហ្គេមរបស់ចក្រភពអង់គ្លេស Sumo Group ក្នុងតម្លៃ ១,២៧ពាន់លានដុល្លារអាមេរិក ដែលការស៊ើបអង្កេតនេះត្រូវបានធ្វើឡើងប្រមាណជាមួយខែក្រោយពេលក្រុមហ៊ុនទាំងពីរបានចុះកិច្ចព្រមព្រៀង។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា Sumo ជាក្រុមហ៊ុនរបស់ចក្រភពអង់គ្លេសប៉ុន្តែមានស្ទូឌីយោធំនៅសហរដ្ឋអាមេរិក និងនៅតាមប្រទេសចំនួន៤ផ្សេងទៀត បានចុះកិច្ចព្រមព្រៀងជាមួយ នឹងក្រុមហ៊ុនផលិតវីដេអូហ្គេមយក្សរបស់ចិន និងធំលំដាប់ពិភពលោក Tencent ក្នុងការផ្ដល់សិទ្ធិកាន់កាប់ផ្ដាច់មុខ ហើយនៅពេលនេះគណៈកម្មាធិការវិនិយោគបរទេសនៅសហរដ្ឋអាមេរិក (CFIUS) កំពុងតែសិក្សា និងវាយតម្លៃទៅលើកិច្ចព្រមព្រៀងមួយនេះដើម្បីធានាថាក្រុមហ៊ុនទាំងពីរនេះនឹងមិនធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិឡើយ។
យោងតាមសេចក្ដីថ្លែងការមួយរបស់ Sumo បានឱ្យដឹងថា នៅពេលនេះខ្លួន រួមនឹងក្រុមហ៊ុន Tencent បានសហការជាមួយនឹងក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក ក្នុងការផ្ដល់ភាពងាយស្រួលក្នុងការស៊ើបអង្កេតដើម្បីធ្វើឱ្យប្រាកដថា វាមិនប៉ះពាល់ ដល់សន្តិសុខជាតិឡើយ ខណៈដែលការស៊ើបអង្កេតអាចនឹងបញ្ចប់នៅចុងឆ្នាំនេះ។
Sumo គឺជាក្រុមហ៊ុនផលិតហ្គេមមួយដែលបច្ចុប្បន្នមានអតិថិជនសុទ្ធតែក្រុមហ៊ុនធំៗដូចជា ក្រុមហ៊ុន Microsoft, Apple និង Google ជាដើម។
គួរបញ្ជាក់ផងដែរថា និយតករចិនកាលពីថ្មីៗនេះ បានរារាំងផែនការរបស់ក្រុមហ៊ុន Tencent ក្នុងការច្របាច់បញ្ចូលគ្នានូវក្រុមហ៊ុនផ្ដល់សេវាកម្ម Videogame Streeming ដ៏ល្បីនៅក្នុងប្រទេសចិនចំនួនពីរគឺ Huya និង DouYu ដោយ ផ្អែកលើហេតុផលប្រឆាំងនឹងសេចក្ដីទុកចិត្ត៕