(រីយ៉ូ)៖ ព្រឹត្តិការណ៍ប្រកួតវាយតេន្នីស Rio Open នឹងវិលត្រឡប់មកវិញក្នុងឆ្នាំ២០២២ បន្ទាប់ពីត្រូវបានលុបចោលនៅក្នុងឆ្នាំនេះ ដោយសារតែការរីករាលដាលនៃជំងឺ COVID-19។ នេះបើតាមការប្រកាសពីអ្នករៀបចំកម្មវិធី ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១។

ការប្រកួតលើទីលានដីឥដ្ឋនេះ នឹងធ្វើឡើងនៅទីលាន Jockey Club Brasileiro ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២០ ខែកុម្ភៈ នៅទីក្រុង Rio de Janeiro របស់ប្រេស៊ីល។

«យើងនឹកអ្នកខ្លាំងណាស់ ប៉ុន្តែយើងត្រឡប់មកវិញហើយ។ ការវិលត្រឡប់នៃព្រឹត្តិការណ៍ Rio Open គឺជាកាដូដ៏អស្ចារ្យសម្រាប់ទីក្រុង Rio de Janeiro» នេះបើតាមសម្តីប្រធានកម្មវិធី លោកស្រី Marcia Casz បានថ្លែងឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។

«ភាពជោគជ័យនៃកម្មវិធីចាក់វ៉ាក់សាំងបានផ្តល់ឲ្យពួកយើង នូវការត្រឡប់មកវិញម្តងទៀត...ដោយសុវត្ថិភាព។ ជាការពិតណាស់ យើងកំពុង រៀបចំព្រឹត្តិការណ៍ Rio Open ដែលនឹងល្អបំផុត»។ នេះបើតាមលោកស្រីបានបន្ថែម។

អតីតម្ចាស់ជយលាភី Rio Open រួមមានកីឡាករ Rafael Nadal, David Ferrer, Dominic Thiem និងកីឡាករ Diego Schwartzman។

សម្រាប់ការប្រកួតចុងក្រោយនៅឆ្នាំ២០២០ ទទួលបានជ័យជំនះដោយកីឡាករ Cristian Garin សញ្ជាតិឈីលី ដែលបានយកឈ្នះលើកីឡាករ Gianluca Mager សញ្ជាតិអ៉ីតាលីនៅវគ្គផ្តាច់ព្រ័ត្រដណ្តើមពាន៕