(ឡុងដ៍)៖ ក្លិបនាំមុខគេនៅលីគ Premier League តោខៀវ Chelsea នឹងគ្មានវត្តមានខ្សែបម្រើសញ្ជាតិក្រូអាត កីឡាករ Mateo Kovacic ក្នុងដំណើរទៅជួបក្រុមម្ចាស់ផ្ទះ Newcastle United នៅថ្ងៃសៅរ៍នេះទេ បន្ទាប់ពីលោកបានរងរបួសសរសៃពួរនៅក្នុងពេលហ្វឹកហាត់។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១។
អ្នកចាត់ការទូទៅ Thomas Tuchel បានបញ្ជាក់ថា Kovacic បានរងរបួសជើងខាងស្តាំនៅពេលបញ្ចប់ការហ្វឹកហាត់កាលពីថ្ងៃព្រហស្បតិ៍ ហើយអាចអវត្តមានរហូតដល់បន្ទាប់ពីការឈប់សម្រាកអន្តរជាតិនៅខែក្រោយឯណោះ។
«វាជាព័ត៌មានគួរឲ្យសោកស្តាយណាស់។ លោកបានរងរបួសដោយខ្លួនឯងនៅនាទីចុងក្រោយនៃការហ្វឹកហាត់ ហើយបានរងរបួសសរសៃពួរ ដែលនឹងត្រូវអវត្តមានប្រមាណច្រើនសប្តាហ៍» នេះបើតាមសម្តីលោក Tuchel បានប្រាប់ក្នុងសន្និសីទសារព័ត៌មាន។
«រំពឹងថា បន្ទាប់ពីការឈប់សម្រាកអន្តរជាតិ លោកនឹងត្រឡប់មកវិញ» អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ខាងលើបានបន្ថែម។
កីឡាករ Kovacic ដែលនឹងមានវត្តមានក្នុងការបង្ហាញខ្លួនលើកទី១០០ ក្នុងលីគ Premier League របស់គាត់នោះ គឺធ្លាប់បានលេងឲ្យក្លិប Chelsea ក្នុងរដូវកាលនេះ ជាមួយនឹងការបញ្ជូនបាល់ឲ្យរកគ្រាប់បាល់បាន ៥គ្រាប់នៅក្នុងទម្រង់លេងយ៉ាងសម្បូរបែប។
ក្លិបក្រោមការដឹកនាំរបស់លោក Tuchel មាន២២ពិន្ទុ ក្រោយឆ្លងកាត់ ៩ប្រកួត មាន១ពិន្ទុលើសក្លិប Liverpool និង ២ពិន្ទុលើសក្លិប Manchester City ដែលជាក្រុមការពារតំណែងជើងផងនោះ៕