(ម៉ាទ្រីដ)៖ ក្លិបបាល់ទាត់ Barcelona គួរតែបានបញ្ចប់តំណែងគ្រូបង្វឹក Ronald Koeman មុនពេលការប្រកួតកាលពីថ្ងៃពុធ ក្នុងលទ្ធផលចាញ់១-០ ក្រោមថ្វីជើងក្រុម Rayo Vallecano ក្នុងលីគ LaLiga មកម្ល៉េះ, នេះបើតាមសម្តីលោកប្រធានក្លិប Joan Laporta ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ។

បុរសសញ្ជាតិហូឡង់ Koeman ត្រូវបានដកចេញពីតំណែង បន្ទាប់ពីក្លិប Barca បានបរាជ័យ ក្នុងការប្រកួតលើកទី២របស់ពួកគេជាប់ៗគ្នា ក្នុងលីគ La Liga , ដោយការប្រកួតប៉ះក្រុម Real Madrid ពួកគេបានចាញ់ក្នុងលទ្ធផល២-១ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។

«ក្រឡេកមើលស្ថានភាព គិតត្រឹមថ្ងៃនេះ, វាប្រហែលជាការសម្រេចចិត្តដ៏ល្អបំផុត (ដើម្បីបញ្ចប់កិច្ចសន្យារបស់ Koeman តាំងពីពេលមុន)», នេះបើតាមសម្តីលោក Laporta បានប្រាប់ក្នុងសន្និសីទសារព័ត៌មាន។

«ឥឡូវនេះ វាងាយស្រួលណាស់ ក្នុងការនិយាយបែបនោះ ប៉ុន្តែ នោះ ជា កាលៈទេសៈ ដែល នាំឲ្យ យើង រង់ចាំ។ យើង គិត ថា លោក Koeman ត្រូវ ការ ពេល វេលា បន្ថែម ទៀត។ ខ្ញុំទទួលខុសត្រូវទាំងស្រុង ប៉ុន្តែស្ថានភាពបានឈានដល់ចំណុចមួយ ដែលមិនមាននិរន្តរភាព»

លោកប្រធានក្លិប បានបញ្ជាក់ថា ការជជែកជាមួយបុរសវ័យ៤១ឆ្នាំ អតីតកីឡាករឆ្នើមរបស់ Barcelona លោក Xavi Hernandez, ដែលបច្ចុប្បន្ន ជាអ្នកចាត់ការក្លិប Al-Sadd របស់កាតានោះ, មានការវិវត្តន៍ល្អ ប៉ុន្តែមិនទាន់មានកិច្ចព្រមព្រៀង ត្រូវបានសម្រេចឡើងនោះទេ។

Barcelona បច្ចុប្បន្ន ស្ថិតនៅលេងរៀងទី៩ ក្នុងលីគ LaLiga ជាមួយនឹង១៥ពិន្ទុ បានមកពីការប្រកួតចំនួន១០លើក, ៩ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Real Sociedad និង៦ពិន្ទុ តាមពីក្រោយក្រុមលេខ២ Real Madrid។ ពួកគេ នឹងធ្វើជាម្ចាស់ផ្ទះ ស្វាគមន៍ក្រុមភ្ញៀវ Alaves នៅថ្ងៃសៅរ៍សប្តាហ៍នេះ៕