(ភ្នំពេញ)៖ ក្រុមហ៊ុនហួវៃ បានប្រារព្ធពិធី Eco-Connect Europe ឆ្នាំ២០២១ តាមរយៈប្រព័ន្ធអនឡាញ ក៏ដូចជានៅតាមទីតាំងក្នុងប្រទេសចំនួន ៥ ផងដែរ។ លោក Guo Ping ប្រធានប្តូរវេនរបស់ក្រុមហ៊ុនហួវៃ បានធ្វើការបើកព្រឹត្តិការណ៍នេះជាមួយនឹងសុន្ទរកថាដែលមានចំណងជើងថា «ការចាប់ផ្តើមដំណើរថ្មីនៃប្រតិបត្តិការបៃតងនិងឌីជីថលជាមួយអឺរ៉ុប»។

ភ្ញៀវកិត្តិយសសំខាន់ៗជាច្រើនរូបត្រូវបានអញ្ជើញឱ្យថ្លែងសុន្ទរកថានៅក្នុងព្រឹត្តិការណ៍នេះ ដែលរួមមានសមាជិកនៃសភាអឺរ៉ុប Lars Berg, លោក Marcus Gloger នៃPwC Strategy& (Germany) ដៃគូ GmbH, លោក José Donoso, ប្រធានក្រុមប្រឹក្សា Global Solar Council (GSC) និងលោក Afke Schaart អនុប្រធានជាន់ខ្ពស់នៃកិច្ចការរដ្ឋាភិបាលសកលរបស់ក្រុមហ៊ុនហួវៃ។

កំណត់សម្គាល់សំខាន់ៗនៅក្នុងសុន្ទរកថារបស់លោក Guo Ping រួមមានការលើកឡើងអំពី ការសហការរវាងក្រុមហ៊ុន ហួវៃ នឹងអឺរ៉ុប ដើម្បីផ្លាស់ប្តូរទៅជាអនាគតបៃតង និងឌីជីថល។ លោកបានពន្យល់ពីគុណតម្លៃធំៗបីរបស់ក្រុមហ៊ុនរួមមាន៖ «ការបើកការផ្លាស់ប្តូរឌីជីថលរបស់អឺរ៉ុប ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនាំមុខគេដើម្បីបើកការផ្លាស់ប្តូរបៃតង និងការបំពេញទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនយើងនៅក្នុងសម័យឌីជីថល»

លោក Guo Ping បានបញ្ជាក់ថា «ក្រុមហ៊ុន ហួវៃ កំពុងជួយអឺរ៉ុបឱ្យដើរទៅកាន់ឌីជីថល តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា (ICT) ដ៏រឹងមាំ និងរក្សាភាពជាអ្នកដឹកនាំជាសកលផ្នែកហេដ្ឋារចនាសម្ព័ន្ធ ICT ។ ក្នុងអំឡុង ពេលប្រឈមមុខនឹងជំងឺរាតត្បាត ក្រុមហ៊ុនបានជួយអឺរ៉ុប ក្នុងការសម្រេចបាននូវសកម្មភាពសំខាន់ៗមួយចំនួនដូចជា ការធ្វើប្រតិបត្តិការការងារ និងការសិក្សាពីចម្ងាយ។ ក្រុមហ៊ុន ក៏កំពុងធ្វើការសហការជាមួយឧស្សាហកម្មជាច្រើន ដើម្បីបម្លាស់ប្តូរឌីជីថល តាមរយៈការបង្កើតមជ្ឈមណ្ឌលនវានុវត្តភាពរួមគ្នាជាច្រើនដូចជា OpenLabs នៅទីក្រុងMunich និងទីក្រុងប៉ារីសផងដែរ»

លោក Marcus Gloger ក៏បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃហេដ្ឋារចនាសម្ព័ន្ធឌីជីថលផងដែរ។ លោកបានថ្លែងថា «ហេដ្ឋារចនាសម្ព័ន្ធឌីជីថលគឺជាមូលដ្ឋានគ្រឹះសម្រាប់ការផ្លាស់ប្តូរ និងមានឥទ្ធិពលយូរអង្វែងទៅលើការសម្រេចនៃគុណតម្លៃសម្រាប់សហគ្រាសនិងសង្គមទាំងមូលផងដែរ»។

លោក Guo Ping បានបន្តថា «ក្រុមហ៊ុន ហួវៃ ក៏កំពុងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីជួយកសាងអឺរ៉ុបបៃតងផងដែរ។ តាមរយៈការប្រើប្រាស់ប៊ីត(bits) ដើម្បីគ្រប់គ្រងវ៉ាត់(watts) ក្រុមហ៊ុនផ្តល់នូវដំណោះស្រាយថាមពលកាបូនទាបដល់អតិថិជនឧស្សាហកម្មរបស់យើង ដើម្បីជួយពួកគេឱ្យសម្រេចនូវគោលដៅអព្យាក្រឹតភាពកាបូន ដែលទាំងនេះរួមមានដំណោះស្រាយ Smart PV ថាមពល site power ថាមពលមជ្ឈមណ្ឌលទិន្នន័យ data center អគ្គិសនីចរាចរណ៍ traffic electrification និងដំណោះ ស្រាយថាមពលឆ្លាតវៃដែលបានរួមបញ្ចូលគ្នា integrated smart power solutions »

លោក José Donoso បានបន្ថែមលើយោបល់របស់លោក Guo ថា «សមាជិកសហការីរបស់យើង តួយ៉ាងក្រុមហ៊ុន ហួវៃ ផ្តោតសំខាន់លើនវានុវត្តភាពផ្នែកបច្ចេកវិទ្យា ហើយផលិតផលបច្ចេកវិទ្យាទាំងនេះត្រូវបានប្រើប្រាស់នៅជុំវិញពិភពលោកផងដែរ»

លើសពីនេះ លោក Guo Ping បាននិយាយថា «យើងកំពុងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីរួមចំណែកយ៉ាងសកម្មដល់សុខុមាលភាពរបស់សហគមន៍អឺរ៉ុបផងដែរ»។ លោក Afke Schaart បានបន្ថែមទៀតថាហួវៃ កំពុងប្រើប្រាស់គំនិតផ្តួចផ្តើម TECH4ALL របស់ខ្លួនដើម្បីដើរតួជាពលរដ្ឋសាជីវកម្មដែលប្រកបដោយទំនួលខុសត្រូវ។

លោកបន្តលើកឡើងថា «ជំងឺរាតត្បាតនេះបានពន្លឿននូវការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល នឹងធ្វើឱ្យវាក្លាយជាកត្តាមួយកាន់តែសំខាន់សម្រាប់ជួយដល់មនុស្សទាំងអស់គ្នាដែលមិនមាននរណាម្នាក់ត្រូវបានទុកចោលនោះទេ។ TECH4ALL របស់យើងផ្តោតសំខាន់ទៅលើ ការអប់រំ ការការពារបរិស្ថាន ការថែទាំសុខភាព និងការអភិវឌ្ឍដែលប្រកបដោយតុល្យភាព»

កិច្ចសហការគឺជាអ្វីដែលមិនអាចខ្វះបានក្នុងដំណើរការបៃតងនិងឌីជីថល។ លោក Lars Berg បាននិយាយថា «ខ្ញុំប្រាកដណាស់ថាយើងទាំងអស់មានគំនិតស្របគ្នាថា កិច្ចសហប្រតិបត្តិការនិងការសហការគ្នានេះគឺចាំបាច់ ដើម្បីភាពរីកចម្រើននិងជោគជ័យ»

នៅចុងបញ្ចប់នៃសុន្ទរកថា លោក Guo Ping បានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ហួវៃ នៅអឺរ៉ុបថា «មានអ្នកធ្លាប់សួរខ្ញុំថាតើក្រុមហ៊ុន ហួវៃ នឹងចាកចេញពីអឺរ៉ុបដែរឬទេ? ខ្ញុំចង់ធានាថា រឿងនេះនឹងមិនកើតឡើងទេ។ ផ្ទុយទៅវិញ យើង នឹងពង្រីកកិច្ចសហការរបស់យើងបន្ថែមទៀត ឱ្យកាន់តែស៊ីជម្រៅនៅអឺរ៉ុប និងរួមចំណែកបង្កើតគុណតម្លៃបន្ថែមទៀតទៅលើកិច្ចខិតខំប្រឹងប្រែងទ្វេ បៃតងនិងឌីជីថល (green and digital) របស់ខ្លួន»