(តូក្យូ)៖ ក្រុមហ៊ុន Sony Group Corp បានបញ្ជាក់ជាផ្លូវការថា ខ្លួនពិតជាបាននិងកំពុងតែពិភាក្សាជាមួយនឹង ក្រុមហ៊ុនផលិតឈីបរបស់ កោះតៃវ៉ាន់ Taiwan Semiconductor Manufacturing Co. (TSMC) ក្នុងការបង្កើតរោងចក្រថ្មីមួយនៅលើទឹកដីនៃប្រទេសជប៉ុន ដើម្បីកាត់បន្ថយកង្វះខាត ឈីបជាសកល និងដើម្បីបំពេញតម្រូវការទាំងក្នុងស្រុក និងក្រៅស្រុក។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Nikkei Asia នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា រោងចក្រថ្មីក្រោមកិច្ចសហការ រវាង ក្រុមហ៊ុនជប៉ុន និងតៃវ៉ាន់នេះនឹងត្រូវសាងសង់ឡើងនៅតំបន់ Kumamoto ក្បែររោងចក្ររបស់ក្រុមហ៊ុន Sony ប៉ុន្តែលក្ខខណ្ឌនៃកិច្ចព្រមព្រៀង រវាងក្រុមហ៊ុនទាំងពីរនេះមិនទាន់ធ្វើឡើងជាផ្លូវការនោះទេ។

កាលពីដើមខែនេះ សារព័ត៌មានខាងលើបានចេញផ្សាយថា រដ្ឋាភិបាលជប៉ុនបានត្រៀមខ្លួនរួចជាស្រេចក្នុងការជួយជ្រោមជ្រែងលើកិច្ចព្រមព្រៀង នេះ និងបានត្រៀមថវិកាប្រមាណជាង ៧ពាន់លានដុល្លារសម្រាប់ជួយថែមទៀតផង ខណៈដែលរោងចក្រផលិតបន្ទះឈីបខាងលើនេះ ត្រូវបានគេរំពឹងថា នឹងផលិតឧបករណ៍អេឡិចត្រូនិកសម្រាប់ រថយន្ត, ឧបករណ៍ចាប់សញ្ញារូបភាពសម្រាប់កាមេរ៉ា និងផលិតផលជាច្រើនផ្សេងទៀត។

រោងចក្រមួយនេះប្រហែលជាអាចនឹងចាប់ផ្ដើមដំណើរការនៅឆ្នាំ ២០២៤ ដើម្បីដោះស្រាយបញ្ហាកង្វះបន្ទះឈីបជាសកលដែលធ្វើឱ្យក្រុមហ៊ុន ជាច្រើនខាតបង់ និងរហូតឈានដល់ការបិទរោងចក្រថែមទៀតផង។

គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលជប៉ុនបានបង្ហាញក្ដីបារម្ភពីសង្វាក់ផលិតកម្ម និងការផ្គត់ផ្គង់ ខណ:ដែលបញ្ហាកង្វះបន្ទះឈីបបានធ្វើឱ្យការផលិត រថយន្តនៅក្នុងប្រទេសជប៉ុនត្រូវបានកាត់បន្ថយ និងមិនអាចបំពេញទៅតាមតម្រូវការទីផ្សារបាន ស្របពេលដែលកង្វះខាតបន្ទះឈីបជាសកល អាច នឹងអូសបន្លាយពេលយូរជាងនេះទៀត៕