(ភ្នំពេញ)៖ បន្ទាប់ពីឆ្លងកាត់ការប្រកួតជាច្រើនវគ្គ នៃកម្មវិធី «Miss Universe Cambodia» ឆ្នាំ២០២១ នៅពេលនេះ គឺបានរកឃើញម្ចាស់មកុដហើយ ដោយបានទៅលើបេក្ខនារីពាក់លេខ១៥ គឺកញ្ញា ងិន ម៉ារ៉ាឌី។ បន្ទាប់ពីទទួលបានមកុដ ក្នុងនាមជាបវរកញ្ញាចក្រវាឡប្រចាំប្រទេសកម្ពុជា តារាម៉ូដែលរូបនេះ នឹងមានតួនាទីបន្ទាប់ទៀត គឺធ្វើជាបវរកញ្ញាតំណាងប្រទេសកម្ពុជា ទៅចូលរួមប្រគួត «Miss Universe» នៅប្រទេសអ៊ីស្រាអែល នាងចុងឆ្នាំ២០២១ខាងមុខនេះ។
លោក ម៉ែន និមលរតន៍ ជាអ្នកគ្រប់គ្រងកម្មវិធី «Miss Universe Cambodia» បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា កម្មវិធី «Miss Universe Cambodia» ឆ្នាំ២០២១ វគ្គផ្តាច់ព្រ័ត្រត្រូវបានធ្វើឡើង កាលពីរាត្រីថ្ងៃទី២៨ ខែតុលា ដោយមានការចូលរួមពីសំណាក់បេក្ខនារីជាច្រើនរូប។ យ៉ាងណាមិញ ម្ចាស់មកុដនៃកម្មវិធីនេះ គឺបានទៅលើកញ្ញា ងិន ម៉ារ៉ាឌី ដែលជាម្ចាស់ជយលាភី។
លោកបន្តថា បន្ទាប់ពីក្លាយជាម្ចាស់ជយលាភី ក្នុងកម្មវិធី «Miss Universe Cambodia» ឆ្នាំ២០២១នេះហើយ កញ្ញា ងិន ម៉ារ៉ាឌី នឹងក្លាយជាបេក្ខនារីតំណាងកម្ពុជាចូ លរួមប្រកួតក្នុងកម្មវិធីលំដាប់ពិភពលោក «Miss Universe» ឆ្នាំ២០២១ ដែលមានការចូលរួមពីសំណាក់បេក្ខនារី តំណាងប្រទេសជាច្រើនទៀត។ កម្មវិធី «Miss Universe» ឆ្នាំ២០២១ លើកទី៧០ គ្រោងនឹងធ្វើឡើងនៅទីក្រុង Eilat ប្រទេសអ៊ីស្រាអែល នាខែធ្នូខាងមុខនេះ។
គួរជម្រាបថា ម្ចាស់មកុដ «Miss Universe Cambodia» ឆ្នាំ២០២១ កញ្ញា ងិន ម៉ារ៉ាឌី ត្រូវបានគេដឹងថា មិនត្រឹមតែជាតារាបង្ហាញម៉ូត ដែលមានរូបសម្រស់ស្រស់សោភានោះទេ ថែមទាំងមានអាជីពជាតារាសម្តែង និងជាពិធីការិនីផងដែរ។ តារាស្រីរូបនេះ គឺជាបេក្ខភាពលេចធ្លោចាប់តាំងពីផ្តើមនៃកម្មវិធីប្រកួត។ នាងមានអាយុ២២ ឆ្នាំកម្ពស់ ១,៦៥ម៉ែត្រ។
យ៉ាងណាមិញ សម្រាប់បវរកញ្ញាពីរូបទៀត គឺបានជាប់ជាជយលាភីលំដាប់រងទី១ មានឈ្មោះថា កញ្ញា ឈន ស្រីណេត មានអាយុ២៥ឆ្នាំ និងមានកម្ពស់ ១.៦៥ ម៉ែត្រ ហើយនាងត្រូវបានគេដឹងថា ជាស្រ្ដីខ្មែរកម្ពជាក្រោមដំបូងគេបង្អស់ ដែលបានដាក់ពាក្យចូលរួមប្រកួត ក្នុងកម្មវិធីបវរកញ្ញាចក្រវាលកម្ពុជា២០២១។ ម្ចាស់ជយលាភីលំដាប់រងទី២ បានទៅលើកញ្ញា ស៊ីម ម៉ាការ៉ាត់ពេជ្រចរណៃ គឺជាយុវតីធំធាត់នៅលើទឹកដីនៃសហរដ្ឋអាមេរិក នាងមានអាយុ២៤ឆ្នាំ កម្ពស់១.៦០ម៉ែត្រ៕