(ភ្នំពេញ)៖ កីឡាករជម្រើសជាតិកម្ពុជាទាំង ៦រូប បានបញ្ចប់ការធ្វើចត្តាឡីស័ក និងអាចវិលទៅគេហដ្ឋានវិញបានហើយ ក្រោយត្រូវបានព្យាបាលជាសះស្បើយពីជំងឺកូវីដ១៩ កាលពីពេលថ្មីៗ។ នេះបើតាមការបង្ហោះសារលើ Facebook សហព័ន្ធកីឡាបាល់ទាត់កម្ពុជានៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «កីឡាករជម្រើសជាតិកម្ពុជាយើងទាំង ៦រូបបានបញ្ចប់ការធ្វើចត្តាឡីស័ករួចរាល់នៅមជ្ឈមណ្ឌល និងសាលាបាល់ទាត់ទាត់ជាតិ និងអាចត្រឡប់ទៅគេហដ្ឋានវិញបានហើយ»។

សូមជម្រាបថា កីឡាករក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាទាំង ៦រូប រួមមានកីឡាករ ចាន់ វឌ្ឍនាកា, គួច សុកុម្ភៈ, សឿយ វិសាល, សារ៉េត គ្រីយ៉ា, កែវ សុខសិលា និង អ៊ាន ពិសី បានធ្វើដំណើរត្រឡប់មកដល់មាតុភូមិដោយសុវត្ថិភាពវិញកាលពីល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ និងត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កបន្ថែមទៀត។

ដំណើរមាតុភូមិនិវត្តន៍របស់សមាជិកក្រុមគោព្រៃកម្ពុជានេះ បន្ទាប់ពីពួកគេបានសម្រាកព្យាបាលអស់រយៈពេល ១០ថ្ងៃ តាមគោលការណ៍របស់ក្រសួងសុខាភិបាលបារ៉ែន និងបានជាសះស្បើយពីជំងឺកូវីដ-១៩ ជាបន្ដបន្ទាប់ ក្រោយធ្វើតេស្ដរកឃើញវិជ្ជមានកូវីដ មុនការប្រកួតជើងទី១ (ម្នាក់) និងជើងទី២ (៥នាក់) ជាមួយកោះហ្គាំ ក្នុងវគ្គជម្រុះពានរង្វាន់ AFC Asian Cup China 2023 កាលពីថ្មីៗកន្លងទៅ។

កីឡាករជម្រើសជាតិកម្ពុជា ៦រូបខាងលើមាន ៥រូបរកឃើញវិជ្ជមានកូវីដ មុនការប្រកួតជើងទី២ ជាមួយកោះហ្គាំ លើកលែងតែ សារ៉េត គ្រីយ៉ា ដែលរកឃើញមុនការប្រកួតជើងទី១។ យ៉ាងណាមិញក្រុមគោព្រៃកម្ពុជាបានឡើងទៅវគ្គជម្រុះជុំទី៣ នៃពានរង្វាន់ AFC Asian Cup China 2023 ហើយ បន្ទាប់ពីយកឈ្នះក្រុមកោះហ្គាំរបស់សហរដ្ឋអាមេរិក ទាំង២ជើងក្នុងលទ្ធផល ៣-១ នៅប្រទេសបារ៉ែនកាលពីថ្ងៃទី០៩ និងថ្ងៃទី១២ ខែតុលា៕