(ប៉ារីស)៖ ខ្សែប្រយុទ្ធ Lionel Messi, Angel Di Maria និង Neymar បានចូលលេងក្នុងជម្រើស ១១នាក់ដំបូងរបស់ Paris Saint-Germain ពេលប៉ះជាមួយ Lille នៅថ្ងៃសុក្រ ក្នុងក្របខណ្ឌលីគកំពូលបារាំង ប៉ុន្តែអតីតកីឡាកររបស់ FC Barcelona នៅតែបរាជ័យក្នុងការបំប៉ោងសំណាញ់ទីនៅ Ligue 1 ដដែល។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Marca នៅថ្ងៃទីសៅរ៍ ទី៣០ ខែតុលា ឆ្នាំ២០២១។

ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន ត្រូវបានប្តូរចេញនៅពាក់កណ្តាលតង់ទី១ ដោយសារបញ្ហាសាច់ដុំ។ ទោះជាយ៉ាងនេះក្តី PSG នៅតែអាចវាយបករកជ័យជម្នះទៅលើ Lille ដោយការរកគ្រាប់បានដោយប្រធានក្រុម Marquinhos និង Angel Di Maria សម្រាប់ការប្រកួតនៅកីឡដ្ឋាន Parc des Princes ក្នុងតង់ទី២ បន្ទាប់ពីម្ចាស់ផ្ទះបានរបូតគ្រាប់នៅតង់ទី១ ដោយសារកីឡាករ Jonathan David របស់ Lille ជាអ្នកទាត់បញ្ចូលទី។

តាំងពីបើកទ្វារចូលលេងនៅលីគកំពូលបារាំង Lionel Messi បរាជ័យក្នុងការរគ្រាប់បាល់ ប៉ុន្តែការបង្ហាញខ្លួននៅ UEFA Champions League គឺគាត់រកគ្រាប់បាល់បាន ៣គ្រាប់ ពីការប្រកួត ៣លើក។ ស្របពេលជាមួយគ្នានេះដែរ វាមិនមែនជាលើកទី១ទេ ដែលអតីតប្រធានក្រុមនៅលីគកំពូលអេស្ប៉ាញ ត្រូវបានប្តូរចេញតាំងពីចុះហត្ថលេខាឲ្យ PSG ក្រោមការដឹកនាំរបស់លោក Mauricio Pochettino ដោយសារខ្លាចតារាឆ្នើមរូបនេះជួបបញ្ហារបួសធ្ងន់ធ្ងរ។

ទោះបីជា Messi រកមិនទាន់បានសូម្បី ១គ្រាប់នៅលីគកំពូលបារាំងពីការចូលលេងបាន ៥ដងក៏ដោយ ក៏ក្លិបអ្នកមានបារាំងនៅតែឈរលេខ១ លើតារាងបណ្តោះអាសន្នរបស់ Ligue 1 ជាមួយការក្តាប់បាន ៣១ពិន្ទុនៅក្នុងដៃ៕