(ម៉ាឌ្រីដ)៖ មានសេចក្តីរាយការណ៍ថា Real Madrid ក្លិបយក្សនៅក្របខណ្ឌលីគកំពូលអេស្ប៉ាញ La Liga មានឆន្ទៈលក់ខ្សែបម្រើ Eden Hazard ឲ្យទៅក្របខណ្ឌលីគកំពូលអង់គ្លេស Premier League វិញនៅដើមខែមករា ឆ្នាំក្រោយនេះ គ្រាដែលក្លិបតោខៀវ Chelsea និងក្លិបសារិកាព្រៃ Newcastle ចាប់អារម្មណ៍ទិញយកដូចគ្នា។ នេះបើតាមការផ្សាយដោយសារព័ត៌មាន ESPN នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១។
កីឡាករសញ្ជាតិបែលហ្ស៊ិ វ័យ ៣០ឆ្នាំដែលបានប្រកបអាជីពនៅក្លិបយក្សអេស្ប៉ាញតាំងពីខែមករា ឆ្នាំ២០១៩ មកនោះ មិនទទួលបានជោគជ័យទេ ដោយសារបញ្ហារបួស។ គាត់ទើបតែបង្ហាញខ្លួននៅ La Liga ចំនួន ៣៨ដងប៉ុណ្ណោះ។
បើតាម ESPN គឺក្លិបអ្នកមានថ្មី Newcastle និង Chelsea ក្នុងចំណោមក្លិបផ្សេងៗទៀតនៅក្របខណ្ឌកំពូលអង់គ្លេស ត្រូវបានរាយការណ៍ថា ចង់ទិញយកកីឡាករជម្រើសជាតិបែលហ្ស៊ិ នៅពេលរដូវកាលដោះដូរកីឡាករបើកទ្វារនាពេលខាងមុខ។
សូមជម្រាបថា Hazard ត្រូវបានទុកនៅលើកៅអីបម្រុងសម្រាប់ជ័យជម្នះ ២-១ របស់ Real ទល់នឹង Barcelona កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ។ អ្នកចាត់ការ Carlo Ancelotti បានប្រាប់អ្នកសារព័ត៌មានក្រោយការប្រកួតថា «បញ្ហា (Hazard) មាននៅពេលនេះ គឺក្លិបមានគ្រូបង្វឹក ដែលចូលចិត្តកីឡាករផ្សេងទៀត (ដែលអាចជំនួស Hazard បាន)»៕