(កំពង់ចាម)៖ ប្រជាពលរដ្ឋខ្មែរ ពិសេសប្រជាកសិករ សិប្បករនៅក្នុងប្រទេស កាន់តែទទួលបានការលើកទឹកចិត្តពីក្រុមហ៊ុនផ្សារទំនើបស៉ីត្រា តាមរយៈការបង្កបង្កើន និងផ្គត់ផ្គង់កសិផលនិងផលិតផលសិប្បកម្មនានា ដើម្បីយកទៅដាក់លក់នៅផ្សារទំនើបស៉ីត្រាទាំង៤សាខា គឺនៅខេត្តរតនគិរី រាជធានីភ្នំពេញ ខេត្តមណ្ឌលគិរី និងនៅខេត្តកំពង់ចាម ខណៈខេត្តកំពង់ចាមនេះក៏ទើបតែបើកសម្ពោធថ្មីផងដែរ។
ការបើកសម្ពោធផ្សារទំនើបស៉ីត្រាសាខាទី៤ នៅសាខាសង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាមនេះ ធ្វើឡើងនាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដោយលោក ង៉ូវ សេរីរ័ត្ន ម្ចាស់ផ្សារទំនើបស៉ីត្រា។
លោក ង៉ូវ សេរីរ័ត្ន បានលើកឡើងថា បច្ចុប្បន្ន ផ្សារទំនើបស៉ីត្រាមានចំនួន៤សាខាហើយ គឺសាខាទី១នៅខេត្តរតនគិរី សាខាទី២នៅរាជធានីភ្នំពេញ សាខាទី៣នៅខេត្តមណ្ឌលគិរី និងសាខាទី៤នេះនៅខេត្តកំពង់ចាមនេះឯង។
ម្ចាស់ផ្សារទំនើបរូបនេះបានបន្តថា ក្នុងផ្សារទំនើបរបស់លោកមានទំនិញរាប់ម៉ឺនមុខ ដែលនាំចូលពីក្រៅប្រទេសជាច្រើន និងទំនិញក្នុងស្រុកផងដែរ ពិសេសគឺទំនិញប្រជាកសិករខ្មែរ មានដូចជាបន្លែ ផ្លែឈើ សម្ភារសិប្បកម្មជាដើម ដែលនេះជាការផ្ដល់ឱកាសឲ្យកសិផលរបស់ប្រជាកសិករ និងផលិតផលរបស់សិប្បករខ្មែរ ដាក់លក់ក្នុងផ្សារយ៉ាងច្រើន។ ទន្ទឹមនឹងនេះ ខាងផ្សារស៊ីត្រាក៏បានចុះកិច្ចសន្យាជាមួយកសិករនូវលទ្ធភាពផ្គត់ផ្គង់បានផងដែរ។
ទាក់ទងទៅនឹងការផ្ដល់ឱកាសការងារសម្រាប់ពលរដ្ឋខ្មែរ លោក ង៉ូវ សេរីរ័ត្ន បានឲ្យដឹងដែរថា មកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនបានផ្ដល់ឱកាសឲ្យពលរដ្ឋខ្មែរចូលបម្រើការងារបាន៤០០នាក់ហើយ បូករួមទាំងសាខាខេត្តកំពង់ចាមមានបុគ្គលិកចំនួន៤០នាក់កំពុងបម្រើការងារ។
លោក ង៉ូវ សេរីរ័ត្ន បានបញ្ជាក់ថា តាមផែនការរបស់ក្រុមហ៊ុន នៅពេលខាងមុខ ក្រុមហ៊ុនរបស់លោកនឹងពង្រីកសាខាផ្សារទំនើបនេះនៅគ្រប់២៥រាជធានី-ខេត្ត ទូទាំងប្រទេសកម្ពុជា ដែលមានចំនួនលើសពី២៥សាខាទៅទៀត៕