(ភ្នំពេញ)៖ ដោយមើលឃើញអំពីសារៈសំខាន់ នៃការបង្កើនផលិតភាពការងារ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានផ្តួចផ្តើមឱ្យមានជាសិក្ខាសាលាក្រោមប្រធានបទ ពាក់ព័ន្ធទៅនឹងផលិតភាពការវិវត្តថ្មី និងការប្រើប្រាស់បច្ចេកវិជ្ជាថ្មីៗ ដើម្បីគ្រប់គ្រងការងារ សង្វាក់ផលិតកម្មឱ្យសម្រេចបានដល់គោលដៅប្រកបដោយភាពឆ្លាតវៃ។

ដើម្បីឱ្យទៅដល់គោលដៅនេះ សិក្ខាសាលាផលិតភាពជាតិស្តីពីការរក្សាផលិតភាពក្នុងអំឡុងពេលកូវីដ១៩ ត្រូវបានរៀបចំធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ (Zoom) ដោយមានការផ្សាយផ្ទាល់នៅលើគេហទំព័រពិព័រណ៍ការងារអនឡាញ www.careerfair.nea.gov.kh និងទំព័រហ្វេសបុកទីភ្នាក់ងារជាតិមុខរបរ និងការងារ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ចាប់ពីម៉ោង០៨៖០០នាទីព្រឹក ដល់ម៉ោង១៦៖៣០នាទីល្ងាច។

សិក្ខាសាលាផលិតភាពជាតិនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ គន្លឹះសំខាន់ៗ និងផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់នៃការបង្កើនផលិតភាពការងារ ការបង្ហាញពីការវិវត្តបច្ចេកវិទ្យាថ្មីៗ ដែលប្រទេសជឿនលឿន និងប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនប្រើប្រាស់ដើម្បីគ្រប់គ្រងការងារ និងខ្សែសង្វាក់ផលិតកម្ម ជាពិសេសបំផុសស្មារតី និងពង្រីកប្រសិទ្ធភាពការងារក្នុងបរិបទការងារតាមគន្លងថ្មី នៃការរីករាលដាលជំងឺកូវីដ១៩។

សម្រាប់អ្នកចូលរួមនឹងបានជួបជាមួយវាគ្មិនល្បីៗ ដែលអញ្ជើញមកចែករំលែកនូវចំណេះដឹង បទពិសោធន៍ពីសារៈសំខាន់នៃផលិតភាព សុវត្ថិភាពការងារ ការវិវត្តបច្ចេកទេសវិជ្ជាថ្មីៗលើសកលលោក និងការប្រើប្រាស់បច្ចេកវិជ្ជាថ្មីៗ ក្នុងការគ្រប់គ្រងការងារ ក៏ដូចជាអាចត្រៀមខ្លួនជាមុន ដើម្បីទទួលបាននូវការរកឃើញថ្មីឆ្ពោះទៅរកការអភិវឌ្ឍ និងការប្រកួតប្រជែងក្នុងយុគ្គសម័យឌីជីថល។

សូមបញ្ជាក់ផងដែរថា សិក្ខាសាលាផលិតភាពជាតិស្តីពីការរក្សាផលិតភាពក្នុងអំឡុងពេលកូវីដ១៩ ឆ្នាំ២០២១ នឹងត្រូវបានរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (MLVT), សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC), សហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) រាជធានីភ្នំពេញ, និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងមានការចូលរួមគ្រាំទ្រពីក្រសួង ស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល និងអង្គការជាតិ-អន្ដរជាតិ៕