(ភ្នំពេញ)៖ ក្រុមកីឡាករ-កីឡាការិនីគុនល្បុក្កតោកម្ពុជា ដណ្ដើមបានមេដាយសរុប ៥គ្រឿង រួមមានមេដាយមាស ៣ និងប្រាក់ ២ នៅក្នុងការប្រកួតកីឡាយុទ្ធគុនចម្រុះអន្ដរជាតិ (The 2021 International Aartial Arts Contest) ដែលប្រកួតតាមប្រព័ន្ធអនឡាញ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាល្បុក្កតោកម្ពុជា បានឲ្យដឹងថា ការប្រកួតកីឡាយុទ្ធគុនចម្រុះអន្ដរជាតិនេះ មានកីឡាករ-កីឡាការិនី ២២០នាក់ មកពី ១២ប្រទេសចូលរួម រួមមានកម្ពុជា ឡាវ វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី សិង្ហបុរី អេហ្ស៊ិប ឥណ្ឌា អ៊ូបេគីស្ថាន ហ្គាណា អ៊ីរ៉ង់ និងកូរ៉េខាងត្បូង។
ជាលទ្ធផលនៃការប្រកួត ក្រុមកីឡាល្បុក្កតោកម្ពុជា ដណ្ដើមបានមេដាយមាស ៣គ្រឿង លើវិញ្ញាសាទ្វារមេគុនដៃ កីឡាការិនី យស់ សញ្ចនា, វិញ្ញាសាមេគុនដៃគូ កីឡាករ ធួន ណារ៉ាក់ និងកីឡាការិនី វ៉ន សុខស្រីពិសិដ្ឋ និងវិញ្ញាសាជាក្រុម មានកីឡាករ គឹម ទិត្យសុវឌ្ឍនៈ, រុន សាលីត, ពន្លឺ ពេជ្រមរកត, អោក រិទ្ធានី, ព្រំ ពេញពិសាល, ឈើន វណ្ណរិទ្ធ រួមជាមួយកីឡាការិនី យស់ សញ្ចនា និង ភិរម្យ មន្នីរ័ត្ន។
រីឯមេដាយប្រាក់ ២គ្រៀង ដណ្ដើមបានលើវិញ្ញាសាទ្វារមេគុនដៃបុរស កីឡាករ ពេជ្រ ពន្លឺ និងវិញ្ញាសាសមយុទ្ធដៃគូ កីឡាករ អៃ សំអ៊ុន និងកីឡាការិនី ស៊ិន សៀវយស៊ាន។
លោក វ៉ាត់ ចំរើន បន្ដថា ព្រឹត្តិការណ៍នេះ រៀបចំដោយស្ថាប័នយុទ្ធគុនចម្រុះពិភពលោក (WoMAU)។ ប៉ុន្ដែឆ្នាំនេះ ដោយសារវិបត្តិកូវីដ-១៩ បានធ្វើឲ្យការប្រកួតរៀបចំតាមនអនឡាញ ផ្ទុយពីឆ្នាំមុនៗ ដែលតែងរៀបចំការប្រកួតផ្ទាល់ នៅសាធារណរដ្ឋកូរ៉េ។ កាលពីប៉ុន្មានឆ្នាំមុន កីឡាអត្តសញ្ញាណជាតិខ្មែរនេះ ក៏ធ្លាប់ដណ្ដើមបានមេដាយមាសផងដែរ មុនដណ្ដើមបានមេដាយមាស និងប្រាក់ដ៏ច្រើនក្នុងឆ្នាំ២០២១ នេះ។
លោកថា «ការឈ្នះមេដាយនេះ ក៏ជាកិត្តិយសមួយ ដើម្បីផ្សព្វផ្សាយគុនល្បុក្កតោទៅកាន់ពិភពលោក ដោយកម្ពុជាតែងតែជំរុញការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយជាអន្តរជាតិ។ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា កំពុងខិតខំប្រឹងប្រែង ក្រោមការដឹករបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ដែលកំពុងប្រឹងប្រែងយ៉ាងសកម្មជាមួយអន្តរជាតិ ប្រកបដោយស្មារតីមុះមុត ការយកចិត្តទុកដាក់ខ្ពស់ ហើយតាមរយៈលទ្ធផលនេះ ក៏បានបង្ហាញពីការខិតខំរបស់ថ្នាក់ដឹកនាំសហព័ន្ធផងដែរ»៕