(សៀមរាប)៖ កំបោរបាយអមានតួនាទីសំខាន់ណាស់ក្នុងការកសាង និងជួសជុលប្រាសាទដែលធ្វើឡើងពីឥដ្ឋ ព្រោះបានបំពេញផ្សាភ្ជាប់ស្នាមតំណ ស្នាមប្រេះរបស់ដុំឥដ្ឋទាំងឡាយឱ្យស្អិតជាប់គ្នា ជួយការពារការជ្រាបទឹក។
បច្ចុប្បន្ន ការជួសជុលប្រាសាទបុរាណដែលធ្វើពីឥដ្ឋឡើងវិញ ក៏នៅតែត្រូវការកំបោរបាយអជាចាំបាច់។ កូនខ្មែរជំនាន់នេះ ក៏នៅតែចេះផ្សំសារធាតុផ្សេងៗធ្វើជាកំបោរបាយអ ដើម្បីបន្តវេនពីបុព្វបុរសខ្មែរជំនាន់មុនដែរ។
ជាអ្នកជួសជុលប្រាសាទបុរាណរយៈពេល ២០ឆ្នាំហើយ អ្នកស្រី សៀង ម៉ាលីណែត អាយុ៣៧ឆ្នាំ ជាអ្នកភូមិឪឡោក ស្រុកប្រាសាទបាគង គឺជាអ្នកជំនាញស្ត្រីម្នាក់ក្នុងចំណោមអ្នកជំនាញស្ត្រីជាច្រើនរូបទៀតដែលចេះជំនាញធ្វើ និងលាយបាយអនេះ។ អ្នកស្រី ម៉ាលីណែត ចេះជំនាញផ្សំធាតុ និងលាយបាយអពីជីតារបស់គាត់ និងការបណ្តុះបណ្តាលពីអាជ្ញាធរជាតិអប្សរា។
អ្នកស្រីបង្ហាញចំណាប់អារម្មណ៍ថា គាត់ស្រឡាញ់ជំនាញផ្សំសារធាតុ និងលាយបាយអតាមរូបមន្តបុរាណខ្មែរនេះខ្លាំងណាស់ ហើយគាត់ចង់បន្តបង្រៀនជំនាញនេះទៅឱ្យកូនខ្មែរជំនាន់ក្រោយ ដើម្បីកុំឱ្យបាត់បង់កេរ្តិ៍ដំណែលដ៏វិសេសមួយនេះ។
សារធាតុសំខាន់ៗ ដែលអាចយកមកផ្សំធ្វើជាបាយអបានបច្ចុប្បន្ននេះ គឺងាយរកបំផុតនៅតាមផ្ទះ ដូចជា កំបោរធ្វើពីសំបកលៀស កំទេចឥដ្ឋ ដីខ្សាច់ ស្ករត្នោត ធ្យូង និងកាវស្បែកគោជាដើម៕