(ភ្នំពេញ)៖ ខេត្តសៀមរាប ត្រូវបានគេរំពឹងថានឹងវិលត្រលប់មកវិញនូវការរៀបចំមហោស្រពសិល្បៈអន្តរជាតិអង្គរ (Angkor International Festival of the Arts) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ក្រោមការអនុញ្ញាតរបស់រាជរដ្ឋាភិបាលកម្ពុជា។

អ្នករៀបចំមហោស្រពតំណាងដោយក្រុមហ៊ុន Cambodian Arts and Festival Enterprise Co. Ltd. និងមានកិច្ចសហការផ្នែកសិល្បៈបច្ចេកទេស និងរដ្ឋបាលជាមួយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីអបអរសាទរការដាក់ខេត្តសៀមរាប ជាទីក្រុងវប្បធម៌អាស៊ាន ២០២១-២០២២។

លោក Aaron Carpene អគ្គនាយក និងជានាយកផ្នែកសិល្បៈនៃមហោស្រពសិល្បៈអន្តជាតិអង្គរ បានថ្លែងថា ជាមួយនឹងការដែលកម្ពុជាក្លាយជាប្រធានអាស៊ាន និងការបើកចំហរប្រទេសឡើងវិញ គឺជាការផ្តល់ជូនដ៏សាកសមមួយដល់មរតកវប្បធម៌ និងទិដ្ឋភាពសិល្បៈក្នុងស្រុករបស់កម្ពុជានា ពេលមួយដែលកម្ពុជាមានសិល្បៈ និងវប្បធម៌ជាច្រើនទៀតដែលត្រូវផ្តល់ជូន។

នៅថ្ងៃទី១០ ខែធ្នូខាងមុខនេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំពិធីបើកសម្ពោធមួយនៅរាជធានីភ្នំពេញ ជាមួយឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតអាស៊ាន ឥស្សរជន និងអាជ្ញាធរនានា។ អ្នករៀបចំមហោស្រពសិល្បៈអន្តរជាតិអង្គរ នឹងរៀបចំពិធីបើកសម្ពោធមួយទៀតនៅទីក្រុងសៀមរាប សម្រាប់ការចាប់ផ្តើមព្រឹត្តិការណ៍មហោស្រពនេះ នៅថ្ងៃជាមួយគ្នាផងដែរ។

មហោស្រពសិល្បៈអន្តរជាតិអង្គរឆ្នាំ២០២១ នឹងមានការសម្តែងសិល្បៈ ដោយមានការចូលរួមពីសិល្បៈករ សិល្បៈការនីជាច្រើនដូចជា តន្ត្រីករ អ្នកគូរគំនូរ អ្នកនិពន្ធ និងអ្នករបាំជាដើម។ ក្នុងនោះក៏មានការចូលរួមពីកវីតារាកម្ពុជាគឺលោក យ៉េង ឈាងលី និងអ្នកនិពន្ធដ៏ល្បីឈ្មោះគឺលោកស្រី Elisabeth Becker (តាមរយៈ Zoom) សម្រាប់ជាផ្នែកមួយនៃកម្មវិធី Writer&Readers Festival Hub ហើយក៏នឹងមានការបង្ហោះខ្លែងប្រពៃណីជាតិនៅមុខប្រាសាទអង្គរ ល្ខោនស្រមោល ការសម្ដែងការប្រកួត ក្បាច់គុនល្បុក្កតោ ចាប៉ីដងវែង និងរបាំអប្សរាផងដែរ។

លោក Aaron Carpene បានបន្តថា មហោស្រពនេះ នឹងក្លាយជាពិធីប្រារព្ធសិល្បៈទាំងបុរាណ និងសម័យ។ ជាមួយនឹងការធ្វើជាប្រធានអាស៊ាននេះ គឺជាឱកាសដ៏អស្ចារ្យ មួយសម្រាប់កម្ពុជា ដើម្បីលើកកម្ពស់មរតកដែលមិនអាចកាត់ថ្លៃបាន របស់ប្រទេសព្រមទាំងទេព្យកោសល្យ ដ៏មានសក្តានុពល ចម្រុះរបស់ខ្លួនឯងផងដែរ។ មហោស្រពនេះនឹងប្រារព្ធធ្វើឡើងនៅទីកន្លែងផ្សេងៗគ្នាក្នុងទីក្រុងសៀមរាប និងរាជធានីភ្នំពេញចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។

អង្គការ UNESCO គណៈប្រតិភូរបស់សហភាពអឺរ៉ុប ការិយាល័យកិច្ចសហប្រតិបត្តិការស្វីស មជ្ឈមណ្ឌលខេមរៈសិក្សា និងសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ ជាអ្នកឧបត្ថម្ភធំ និងជាអ្នកគាំទ្រដ៏សំខាន់ដល់មហោស្រពនេះ។ អ្នករៀបចំមហោស្រពសិល្បៈអន្តរជាតិអង្គរឆ្នាំ២០២១ កំពុងបើកទទួលការឧបត្ថម្ភពីវិស័យឯកជន។

លោក Aaron Carpene បានបន្តថា ក្រោយបញ្ហាកូវីដ១៩ ឧស្សាហកម្មទេសចរណ៍កម្ពុជា ជាពិសេសខេត្តសៀមរាប ដែលកំពុងត្រូវការជំនួយតាមរយៈការគាំទ្រដល់ ព្រឹត្តិការណ៍នេះមិនត្រឹមតែនឹងជួយគាំទ្រដល់សិល្បៈករនិងសិល្បៈការនី និងមរតករបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំពុងជួយដល់អ្នកដែល នៅក្នុងឧស្សហកម្ម ទេសចរណ៍ និងនៅក្នុងវិស័យសិល្បៈដែលបានរងផលប៉ះពាល់យ៉ាងខ្លាំងពីវិបត្តិមួយនេះផងដែរ។

សម្រាប់អ្នកដែលចាប់អារម្មណ៍ពិភាក្សាអំពីឱកាសឧបត្ថម្ភអាចទាក់ទងបានតាមរយៈអ៊ីមែល [email protected]