(ចិន)៖ លោក Shou Zi Chew ប្រធានគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ (CFO) របស់ក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនធំរបស់ TikTok នឹងលាឈប់ ពីតំណែង ដោយសារតែលោកត្រូវទៅពង្រឹកក្រុមហ៊ុន TikTok ឱ្យរីកចម្រើនជាងនេះក្នុងនាមលោកជានាយកប្រតិបត្តិ (CEO) ។ នេះ បើយោងតាម ការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក Shou Zi Chew បានចូលបម្រើការងារនៅក្នុងក្រុមហ៊ុន ByteDance កាលពីខែមីនា និងត្រូវបានតែងតាំងជា CEO របស់ TikTok កាលពីខែឧសភាកន្លងទៅនេះ។

យោងតាមការប្រកាសរបស់ក្រុមហ៊ុន ByteDance បានឱ្យដឹងថា ដោយសារតែកម្មវិធី TikTok កំពុងតែផ្ទុះការគាំទ្រ និងដើម្បីអភិវឌ្ឍន៍ វាឱ្យ កាន់តែ ប្រសើរជាងនេះទៅទៀតនោះ លោក Shou Zi Chew បានសម្រេចចិត្តលាឈប់ពីតំណែង CFO របស់ ByteDance ដោយត្រូវយកពេលវេលា ពេញលេញរបស់លោកទៅពង្រឹងកម្មវិធី TikTok បន្ថែមទៀត។

ក្រុមហ៊ុន ByteDance មិនបានប្រកាសថា ក្រោយពីលោក Shou Zi Chew ទៅ នឹងត្រូវជ្រើសតាំងនរណាឡើងកាន់តំណែងជំនួសឡើយ ខណៈដែលប្រភពជិតស្និទ្ធបានលួចបង្ហើបឱ្យដឹងថា ក្រុមហ៊ុន ByteDance មិនទាន់ប្រញាប់ប្រញាល់ជ្រើសរើសអ្នកថ្មីមកកាន់តំណែងនេះ នោះទេ។

ក្រុមហ៊ុន ByteDance ត្រូវបានគេមើលឃើញថា បាននិងកំពុងតែពង្រីកអាណាចក្រអាជីវកម្មរបស់ខ្លួនឱ្យកាន់តែធំជាងនេះ តាមរយៈការពង្រឹងទៅលើ អាជីវកម្មទាំង៦ដែលមានស្រាប់នាពេលបច្ចុប្បន្ន ខណៈដែលតម្លៃក្រុមហ៊ុនចិនមួយនេះបានឡើងដល់ ៣០០ពាន់លាន ដុល្លារអាមេរិកកាលពីថ្មីៗនេះ។

គួរបញ្ជាក់ផងដែរថា ការលាឈប់របស់លោក Shou Zi Chew គឺជាដំណឹងរុះរើថ្នាក់ដឹកនាំកំពូលជាលើកទីពីរសម្រាប់ក្រុមហ៊ុនចិនមួយនេះ ដោយ កាលពីខែឧសភាកន្លងទៅនេះ លោក Zhang Yiming សហស្ថាបនិក និងជានាយកប្រតិបត្តិ (CEO) បានប្រកាសថានឹងចុះចេញពីតំណែង ខណៈដែលលោក Liang Rubo សហស្ថាបនិកនឹងកើនឡើងកាន់តំណែង CEO បន្តនៅខែធ្នូចុងឆ្នាំនេះ៕