(អាមេរិក)៖ ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍មកថា បានសម្រេចចិត្តកាត់បន្ថយសង្វាក់ផលិតកម្ម iPad រហូតដល់ ៥០ភាគរយ ដើម្បី រក្សា ទុកគ្រឿងបង្គុំដើម្បីផលិត iPhone 13 ជំនួសវិញ ដោយសារតែតម្រូវការ iPhone 13 ខ្ពស់ជាង iPad។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន Phone Arena នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១។

មូលហេតុដែលនាំឱ្យក្រុមហ៊ុន Apple សម្រេចចិត្តកាត់បន្ថយការផលិត iPad នេះគឺបណ្ដាលមកពីបញ្ហាកង្វះខាតបន្ទះឈីបជាសកល និងក្រុមហ៊ុន ផ្គត់ផ្គង់មិនអាចបំពេញតាមតម្រូវការឱ្យ Apple បាន។

សារព័ត៌មាន 9to5Mac បានរាយការណ៍មកថា មិនត្រឹមតែតម្រូវការ iPhone 13 ខ្ពស់ប៉ុណ្ណោះទេ សូម្បីតែ iPhone 12 ក៏នៅមានតម្រូវការខ្ពស់ ផងដែរ ជាពិសេសគឺទីផ្សារអាស៊ី ដោយមានហាងលក់ទំនិញរបស់ Apple មួយចំនួនពុំមាន iPhone 12 ដាក់តាំងលក់នោះទេ ជាពិសេសគឺមាន អតិថិជនមួយភាគតូចបានបញ្ជាទិញ iPhone 12 ចេញពីហាង Apple នៅលើអនឡាញតែម្ដង ដែលជាហេតុធ្វើឱ្យក្រុមហ៊ុន Apple ត្រូវសម្រេចចិត្តកាត់បន្ថយសង្វាក់ផលិតកម្ម iPad។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះលោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple បានប្រកាសថា ដោយសារតែបញ្ហាកង្វះខាតបន្ទះឈីប បានធ្វើ ឱ្យ Apple ខាតបង់ប្រាក់ប្រមាណ ៦ពាន់លានដុល្លារអាមេរិនៅត្រីមាសទី៣៕