(ភ្នំពេញ)៖ សូមប្រញាប់រួសរាន់ឡើង សម្រាប់អ្នកដែលចង់ស្វែងរកការងារធ្វើ ព្រោះពេលវេលាកាន់តែកៀកជិតមកដល់ហើយ។ សូមត្រៀមរៀបចំប្រវត្តិរូបសង្ខេប របស់លោកអ្នកឲ្យបានរួចរាល់ ដើម្បីចូលរួមស្វែងរកការងារ នៅក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិអនឡាញ ឆ្នាំ២០២១ ដែលប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី០៤-០៥ ខែវិច្ឆិកាខាងមុខនេះ នៅលើគេហទំព័រ ដែលមានឈ្មោះថា www.careerfair.nea.gov.kh  ។

នៅក្នុងពិព័រណ៍អនឡាញនេះ នឹងមានក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួនប្រមាណ ១០០ ដែលក្នុងនោះមានព័ត៌មានជ្រើសរើសកម្លាំងពលកម្មប្រមាណជាងប្រមាណ ១១,៥០០កន្លែង។ ជាការរំពឹងទុក អ្នកចូលរួមទស្សនា មានចំនួន ៥៤,៥០០នាក់ ដែលមានអ្នកស្វែងរកការងារ (CVs) ប្រមាណជា ៤០០០នាក់។

ពិព័រណ៍ការងារ និងផលិតភាពជាតិអនឡាញ ឆ្នាំ២០២១នេះ ត្រូវបានរៀបចំឡើងក្នុងគោលដៅផ្ដល់នូវជម្រើសដែលមានភាពបត់បែនកាន់តែងាយស្រួល ព្រមទាំងបង្ការនូវសុវត្ថិភាព សុខភាព និងអនាម័យ ពីជំងឺកូវីដ-១៩ ស្របពេលដែលទីផ្សារការងារកម្ពុជា កំពុងមានសន្ទុះតម្រូវការកម្លាំងពលកម្មឡើងវិញនៅតាមវិស័យមួយចំនួន ជាពិសេសជួយគាំទ្រដល់យុវជន និងអ្នកស្វែងរកការងារអាចដាក់ពាក្យ និងសម្ភាសជាមួយក្រុមហ៊ុនតាមអនឡាញ។

នៅក្នុងពិព័រណ៍ការងារអនឡាញនេះ នឹងមានរួមបញ្ជូលសិក្ខាសាលាផលិតភាពតាមរយៈប្រព័ន្ធអនឡាញ (Zoom) ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកចំណេះដឹង បទពិសោធន៍ គន្លឹះសំខាន់ៗ និងផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់ នៃការបង្កើនផលិតភាពការងារ និងបង្ហាញពីការវិវត្តបច្ចេកវិទ្យាថ្មីៗ ដែលប្រទេសជឿនលឿន និងប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួន ប្រើប្រាស់ដើម្បីគ្រប់គ្រងការងារ និងខ្សែសង្វាក់ផលិតកម្ម ជាពិសេសបំផុសស្មារតី និងពង្រីកប្រសិទ្ធភាពការងារក្នុងបរិបទការងារតាមគន្លងថ្មីនៃការរីករាលដាលជំងឺកូវីដ-១៩។

គួររបញ្ជាក់ជូនដែរថា ពិព័រណ៍ការងារ និងផលិតភាពជាតិអនឡាញ ឆ្នាំ២០២១ ត្រូវបានរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (MLVT) និងបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) រាជធានីភ្នំពេញ, សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងមានការចូលរួមគ្រាំទ្រពីក្រសួង ស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល និងអង្គការជាតិ-អន្ដរជាតិជាច្រើនផងដែរ។

សូមកុំភ្លេច! ចូលរួមទាំងអស់គ្នាក្នុងពិព័រណ៍ការងារ អនឡន២០២១នេះ តាមរយៈ www.careerfair.nea.gov.kh  ៕

សម្រាប់ព័ត៌មានបន្ថែម៖
* 017 467423 / 017 871807 / 096 2155 162
* www.careerfair.nea.gov.kh 
* http://www.nea.gov.kh
* Facebook #neakhmer
#រួមគ្នាបង្ការជំងឺកូវីដ១៩ដើម្បីរក្សាការងារយើង