(ភ្នំពេញ)៖ ក្នុងរយៈពេលជិត ២ឆ្នាំនេះ គម្រោងសាងសង់ផ្សារទំនើបសិនជូរីផ្លាហ្សា ដែលមានទីតាំងស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ បានសម្រេចបញ្ចប់ការសាងសង់គ្រឿងបង្គុំអគារហើយ។ សំណង់អគារទាំងមូល នឹងបើកដំណើរការ នៅមុនពេលចូលឆ្នាំខ្មែរ ឆ្នាំ២០២២ខាងមុខនេះ បើទោះបីប្រទេសកម្ពុជា ទទួលឥទ្ធិពលពីការរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដោយ។
នេះបើតាមការបញ្ជាក់ពីលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ថ្លែងក្នុងពិធីប្រកាសបញ្ចប់ជាស្ថាពរនៃការសាងសង់ផ្នែកគ្រឿងបង្គុំសំណង់ នៃគម្រោងសាងសង់អគារផ្សារទំនើបសិនជូរីផ្លាហ្សា នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
លោក នួន ផារ័ត្ន បានលើកឡើងថា ដើម្បីលើកស្ទួយកិត្យានុភាពរាជធានីភ្នំពេញ ក្នុងឱកាសនៃកិច្ចប្រជុំធំៗ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ ក៏ដូចជាការប្រកួតកីឡាប្រជាជាតិអាស៉ីអាគ្នេយ៍ ឆ្នាំ២០២៣ ខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចឲ្យក្រុមហ៊ុន JLECC ធ្វើអភិវឌ្ឍន៍ផ្សារសិនជូរី ឲ្យក្លាយជាមជ្ឈមណ្ឌលពហុពាណិជ្ជកម្ម ដោយសារតែវានៅក្បែរអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ដែលជាច្រកចេញចូលដ៏សំខាន់នៃរាជធានីភ្នំពេញ។
«យើងមិនអាចទុកផ្សារចាស់ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ និងសោភណ្ឌភាពរាជធានីភ្នំពេញនោះទេ។ គម្រោងមួយនេះ បានរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ ក្រោមអធិបតិយភាពរបស់លោក ឃួង ស្រេង កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយក្នុងរយៈពេល១ឆ្នាំ ១១ខែ ៣ថ្ងៃ គម្រោងផ្សារទំនើបសិនជូរីផ្លាហ្សា សម្រេចបាននូវការសាងសង់គ្រឿងបង្គុំអគារ ហើយសំណង់អគារទាំងមូល នឹងបើកដំណើរការ នៅមុនពេលចូលឆ្នាំខ្មែរឆ្នាំ២០២២ខាងមុខនេះ»។ នេះបើតាមលោក នួន ផារ័ត្ន។
លោកស្រី ឧកញ៉ា ចាន់ សុទ្ធា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា អគារផ្សារទំនើបសិនជូរីផ្លាហ្សាថ្មីនឹងក្លាយជាមជ្ឈមណ្ឌលពហុពាណិជ្ជកម្ម មានទាំងផ្សារកសិកម្ម ផ្សារទំនិញទូទៅ មជ្ឈមណ្ឌលកំសាន្ត មជ្ឈមណ្ឌលថែទាំសុខភាព- សម្ផស្ស ភោជនីយដ្ឋាន សណ្ឋាគារ ស្កាយបារ -ល- ដែលបម្រើតម្រូវការគ្រប់បែបយ៉ាងរបស់អតិថិជន។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា ភាពចម្រុះទាំងនេះរួមមាន៖
* ជាន់ផ្ទាល់ដី៖ ត្រី សាច់ បន្លែ ផ្លែឈើ ដែលជាតម្រូវការជីវភាពប្រចាំថ្ងៃសម្រាប់ប្រជាពលរដ្ឋជុំវិញ
* ជាន់ទី១៖ ផ្គត់ផ្គងទំនិញទូទៅ គ្រឿងឧបភោគ បរិភោគប្រចាំ សម្លៀកបំពាក់ គ្រឿងអលង្ការ វត្ថុអនុស្សាវរីយ៍
* ជាន់ទី២៖ ប្រមូលផ្តុំទៅដោយហាងប្រណិតល្បីៗ ជុំវិញពិភពលោក ជាពិសេសមានសេវាកម្មថែទាំ សុខភាពនិងសម្ផស្ស
* ជាន់ទី៣៖ ភោជនីយដ្ឋានដែលប្រជុំទៅដោយរស់ជាតិល្បីៗទូទាំងពិភពលោក
* ជាន់ទី៤,៥,៦ ជាសណ្ឋាគារលំដាប់ផ្កាយ៤ ដែលជាចំណតទីមួយរបស់ភ្ញៀវទេសចរណ៍អន្តរជាតិ
* សួនច្បារលើអាកាស អាចឲ្យលោកអ្នកបណ្តែតអារម្មណ៍ទៅតាមខ្យល់ត្រជាក់ និងទស្សនីយភាពដ៏អស្ចារ្យ៕