(ប៉េកាំង)៖ ក្រុមហ៊ុន Yahoo បានប្រកាសឱ្យដឹងថា នឹងដកខ្លួនចេញពីប្រទេសចិននូវរាល់សេវាកម្មទាំងអស់នៅក្នុងពេលឆាប់ៗខាងមុខនេះ ដោយសារតែ «បញ្ហាបរិយាកាសធុរកិច្ច និងច្បាប់ដែលកំពុងមានការប្រកួតប្រជែងកាន់តែខ្លាំង»។ នេះបើយោងតាមការចេញផ្សាយ របស់ សារព័ត៌មាន Nikkei Asia នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១។
អាជ្ញាធរចិន នៅក្នុងឆ្នាំនេះបានធ្វើការរឹតបណ្ដឹងយ៉ាងម៉ឺងម៉ាត់ទៅលើ ក្រុមហ៊ុនអ៊ីនធើណែតដែលបម្រើសេវាកម្មនៅក្នុងប្រទេស ឱ្យ បង្កើនការត្រួតពិនិត្យទៅលើខ្លឹមសារ និងពាក្យគន្លឹះ (content & keywords) ដែលចាត់ទុកថាមានភាពរសើបផ្នែកនយោបាយ និងមិនសមរម្យ។
យោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន Yahoo បានឱ្យដឹងថា ក្រុមហ៊ុនអាមេរិកមួយនេះបានចាប់ផ្ដើមដកខ្លួនចេញពីទឹកដីចិនចាប់តាំងពីថ្ងៃទី០១ វិច្ឆិកាមកម្ល៉េះ ដែលការដកខ្លួននេះ ស្របគ្នានឹងការអនុវត្តច្បាប់ការពារទិន្នន័យព័ត៌មានផ្ទាល់ខ្លួនរបស់ប្រទេសចិន ដែលកំណត់នូវអ្វីដែលក្រុមហ៊ុនព័ត៌មានអាចប្រមូលបាន និងកំណត់ស្តង់ដារសម្រាប់របៀបដែលត្រូវតែរក្សាទុកទិន្នន័យទាំងនោះ។
ច្បាប់របស់ចិនក៏បានចែងថា ក្រុមហ៊ុនដែលកំពុងប្រតិបត្តិការក្នុងប្រទេស ត្រូវតែប្រគល់ទិន្នន័យអ្នកប្រើប្រាស់ ប្រសិនបើមានការស្នើសុំពីអាជ្ញាធរ ដែលច្បាប់នេះបានធ្វើឱ្យមានការលំបាកសម្រាប់ក្រុមហ៊ុនលោកខាងលិច ក្នុងការប្រតិបត្តិការនៅក្នុងប្រទេសចិន ដោយសារតែពួកគេក៏អាចប្រឈមនឹងសម្ពាធពីសំណាក់រដ្ឋាភិបាលនៃប្រទេសរបស់ខ្លួនផងដែរ បើសិនជាខ្លួនបានប្រគល់ទិន្នន័យឱ្យរដ្ឋាភិបាលចិន។
កាលពីឆ្នាំ ២០០៧ ក្រុមហ៊ុន Yahoo ត្រូវ បាន សមាជិក សភា សហរដ្ឋ អាមេរិក រិះគន់ និងស្ដីបន្ទោសយ៉ាងខ្លាំង បន្ទាប់ ពី បាន ប្រគល់ ទិន្នន័យ អ្នក ប្រើប្រាស់ ពីរ នាក់ ទៅឱ្យរដ្ឋាភិបាល ចិន ដែល ជា ហេតុ នាំ ឲ្យ ពួកគេ ជាប់ ពន្ធនាគារ។
Yahoo ក៏ធ្លាប់បានដំណើរការសេវាកម្មតន្ត្រី និងអ៊ីមែលនៅក្នុងប្រទេសចិន ប៉ុន្តែសេវាកម្មទាំងពីរក៏ត្រូវបានបញ្ឈប់នៅឆ្នាំ២០២១០ ហើយ ក្រោយមកទៀតក៏បានចាប់ផ្ដើមកាត់បន្ថយប្រតិបត្តិការនៅក្នុងប្រទេសចិន ព្រមទាំងបានបិទការិយាល័យនៅទីក្រុងប៉េកាំងកាលពីឆ្នាំ២០១៥។
គួរបញ្ជាក់ផងដែរថា កាលពីខែមុននេះ ក្រុមហ៊ុន Microsoft បានប្រកាសបិទគេហទំព័រ LinkedIn នៅក្នុងប្រទេសចិន និងជំនួសមកវិញនូវគេហទំព័រប្រឹក្សាយោបល់ និងស្វែងរកការងារ៕