(បឺហ្កាម៉ូ)៖ ជាថ្មីម្តងទៀត Cristiano Ronaldo បានបន្តសង្គ្រោះក្លិប Manchester United ពេលស៊ុត ១គ្រាប់ចុងក្រោយ នៅនាទី ៩០+១ ដើម្បីតាមស្មើម្ចាស់ផ្ទះ Atalanta ២ទល់នឹង២ ពេលប៉ះគ្នាវគ្គចែកពូល Champions League នៅថ្ងៃពុធ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ (ម៉ោងនៅកម្ពុជា) នាកីឡដ្ឋាន Gewiss Stadium ធ្វើឲ្យក្រុមបិសាចក្រហម ឈរលើកំពូលតារាងនៃពូល F ។
កីឡាករវ័យ ៣៦ឆ្នាំ រកបានគ្រាប់ដំបូងនៅតង់ទី១ នាទី៤០+១ បន្ទាប់ពីកីឡាករ Josip Ilicic របស់ក្រុម Atalanta រកបាន ១គ្រាប់នាំមុខនៅនាទី១២ ហើយឈានចូលតង់ទី២ កីឡាករ Duván Zapata របស់ Atalanta ក៏បន្តរកបាន ១គ្រាប់ទៀត នៅនាទី៥៦ ដែលសម្ពាធកាន់តែខ្លាំង ស្រាប់តែខ្សែប្រយុទ្ធ Ronaldo ស៊ុតបាន ១គ្រាប់តាមស្មើនៅម៉ោងបន្ថែម ៩០+១ ធ្វើឲ្យ Manchester United ទទួលបានត្រឹម ១ពិន្ទុ ពីការប្រកួតនៅទីក្រុង Bergamo ។
ការរកគ្រាប់បាល់ខាងលើនេះ ធ្វើឲ្យតារាឆ្នើមសញ្ជាតិព័រទុយហ្កាល់ រកបាន ៥គ្រាប់បណ្តោះអាសន្នពីការប្រកួត ៤លើកជាប់ៗគ្នា នៅក្របខណ្ឌ UCL រដូវកាលនេះ និងបន្តជួយសង្គ្រោះក្លិបនៅអង់គ្លេស ២ដង ពោលគឺដំបូងនោះពេលប៉ះ Villarreal ក្នុងលទ្ធផល ២ទល់នឹង១ ពេលខ្សែប្រយុទ្ធរូបនេះ រកគ្រាប់បាល់បាននៅនាទីបន្ថែម ៩០+៥ ។ បច្ចុប្បន្ននេះ Manchester United ឈរនៅពូល F នៃក្របខណ្ឌ UCL ២០២១-២២ ដែលមាន ៧ពិន្ទុនៅក្នុងដៃ ក្រោយឆ្លងកាត់ការឈ្នះ ២លើក ស្មើ១លើក និងចាញ់ ១លើក ពេលដែល Ronaldo បានក្លាយជាអ្នករកបាន ១៣៩គ្រាប់ច្រើនជាងគេនៅពានលីគអឺរ៉ុបនៃ ៣ក្លិបអាជីព៕