(ប៉ារីស)៖ Novak Djokovic បានឡើងទៅជុំទី៣ នៃពានរង្វាន់វាយកូនបាល់ (Tennis) នៃព្រឹត្តិការណ៍ Paris Master 2021 បន្ទាប់ពីយកឈ្នះគូប្រជែងសញ្ជាតិហុងគ្រី Marton Fucsovics ដែលពេលនេះអ្នកវាយកូនបាល់លំដាប់ពិភពលោក Djokovic ត្រូវរង់ចាំគូប្រជែង ១រូបមកប្រជែងគ្នាវគ្គទី៣ នៃការប្រកួតជម្រុះ។

បុរសឈរលេខ១ ពិភពលោក Djokovic វ័យ ៣៤ឆ្នាំ រកបានជ័យជម្នះក្នុងលំដាប់ពិន្ទុ ២សិតទល់និង ១សិត ដែលជាជ័យជម្នះសារថ្មីរបស់លោកបន្ទាប់ពីបានចាញ់កីឡាកររុស្ស៊ី Danill Medvedev នៅពានរង្វាន់កម្រិត Grand Slam US Open 2021 វគ្គផ្តាច់ព្រ័ត្រ ដោយលោកបានបង្ហាញអារម្មណ៍ថា« នេះជាការប្រកួតដ៏អស្ចារ្យ និងជាការបើកឆាកអស្ចារ្យមួយសម្រាប់ខ្ញុំ ដោយមិនបានរំពឹងទុក ប៉ុន្តែវាមិនជាការប្រកូតដ៏ងាយស្រួលនោះទេ»។

រំលឹកផងថា Djokovic អាចត្រូវជួបកីឡាករសញ្ជាតិបារាំង Adrian Mannarino ឬកីឡាករ Gael Monfils ដែលត្រូវប្រជែងគ្នាក្នុងជុំទី២ ដើម្បីឡើងទៅជុំទី៣ ដែលបុរសសញ្ជាតិស៊ែប៊ី កំពុងឈររង់ចាំជាស្រាចដែលរូបគេជាអ្នកឈ្នះពាននេះ ៥លើក៕