(លីវើភូល)៖ ហង្សក្រហម Liverpool បានឈ្នះកៅអីទៅវគ្គ ១៦ក្រុមចុងក្រោយមុនគេ ក្រោយពេលយកបាន ៣ពិន្ទុយ៉ាងងាយនៅទឹកដី Anfield ទៅលើគូប្រជែង Atletico Madrid ២-០ ចាប់ផ្តើមជើងទី២ ប្រចាំពូល B នារាត្រីឆ្លងចូលថ្ងៃព្រហស្បតិ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ (ម៉ោងនៅកម្ពុជា)។

លេង ៤ប្រកួតសន្សំពិន្ទុក្នុងពូល B ក្រុមរបស់លោក Jurgen Klopp មិនចាញ់ និងស្មើឡើយ ពោលគឺឈ្នះរហូតដោយរកបាន ១២ពិន្ទុពេញ គ្រាដែលក្រុមលេខ២ FC Porto រកបានតែ ៥ពិន្ទុប៉ុណ្ណោះនៅពេលលេងស្មើទល់នឹងម្ចាស់ផ្ទះ AC Milan ១-១ នៅយប់មិញនេះដូចគ្នា ជាហេតុធ្វើអតីតម្ចាស់ជើងឯក UCL កាលឆ្នាំ២០១៩ កក់កៅអីមុនគេតែម្តង។

Diogo Jota ជាអ្នករកបានគ្រាប់ទី១ នៅនាទី១៣ ដែលគ្រាប់ទី៦ របស់គេឲ្យហង្សក្រហមនារដូវកាលនេះ នៅមុនពេល Sadio Mane បន្ថែមគ្រាប់ទី២ នៅនាទី២១ ពីការបញ្ជូនរបស់ Trent Alexander-Arnold ទាំងពីរគ្រាប់រហូតដល់ចប់ការប្រកួតពេញម៉ោង ៩០នាទី គ្រាដែលខ្សែការពារ Felipe របស់ក្រុមភ្ញៀវក៏ទទួលបានកាតក្រហមបណ្តេញចេញពីទីលាននៅនាទី៣៦ ផងដែរ។

គិតមកទល់នឹងពេលនេះ Liverpool បានរក្សាកំណត់ត្រាលេង ២៥ប្រកួតមិនដែលចាញ់ឡើយគ្រប់ការប្រកួតទាំងអស់ នៅពេលពួកគេធ្លាប់ពី UCL នេះត្រឹមវគ្គ ៨ក្រុមចុងក្រោយក្រោមថ្វីជើងរបស់ Real Madrid នារដូវកាលមុន៕