(ប៉ារីស)៖ ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi បាននិយាយថា Paris Saint-Germain និងក្លិប ៦ទៀត សុទ្ធតែមានសមត្ថភាពអាចលើកពាន UEFA Champions League នៅរដូវកាលនេះបាន។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Metro នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១។

Lionel Messi បានអះអាងថា មូលហេតុដែលគាត់មក PSG គឺដើម្បីលើកពាន UCL ប៉ុន្តែក្លិប ៦ទៀត ដែលមានសមត្ថភាពអាចលើកពានកំពូលប្រចាំទ្វីបអឺរ៉ុបដែរនោះរួមមាន Manchester City, Chelsea, Liverpool, Manchester United, Bayern Munich និង Atletico Madrid។

អតីតកីឡាកររបស់ Barcelona បានថ្លែងប្រាប់ beIN SPORTS យ៉ាងដូច្នេះ «ខ្ញុំគិតថា វាជាគោលដៅខ្ញុំ និងក្លិប (ក្នុងការលើកពាន UCL)។ ពួកគេ បានរង់ចាំការឈ្នះអស់ពេលយ៉ាងយូរ ហើយពួកគេកាន់តែកៀកក្នុងការទទួលបានពាននេះ។ ពួកគេ គឺជាបេក្ខភាពដ៏ល្អ ប៉ុន្តែក្លិបដទៃទៀត (ទាំង ៦នោះ) ក៏ល្អផងដែរ»

សូមជម្រាបថា តាំងពីបើកទ្វារចូលលេងនៅលីគកំពូលបារាំងបាន ៥លើក Messi មិនដែលរកគ្រាប់បាននោះទេ ប៉ុន្តែការបង្ហាញខ្លួននៅ UEFA Champions League វិញ គឺគាត់រកគ្រាប់បាល់បាន ៣គ្រាប់ពីការប្រកួត ៣លើក។

Messi ក៏មិនបានចូលលេងនោះដែរពេលក្លិប PSG បានត្រឹមស្មើជាមួយម្ចាស់ផ្ទះ RB Leipzig ២ទល់នឹង២ សម្រាប់ការប្រកួត ដែលបានធ្វើឡើងនៅរាត្រីឆ្លងចូលថ្ងៃព្រហស្បតិ៍ (ម៉ោងនៅកម្ពុជា) ប៉ុន្តែក្លិបនេះបានឈរនៅលេខ២ ក្នុងពូល A ដែលមាន ៨ពិន្ទុ តាមពីក្រោយ Manchester City ដែលមាន ៩ពិន្ទុ ខណៈ Club Brugge មាន ៤ពិន្ទុ និងក្លិប RB Leipzig មានត្រឹម ១ពិន្ទុប៉ុណ្ណោះ៕