(ឡុងដ៍)៖ ខ្សែបម្រើស្លាបក្លិប Manchester United កីឡាករ Jadon Sancho បានចាកចេញពីក្រុមជម្រើសជាតិអង់គ្លេសហើយ សម្រាប់ការប្រកួតជម្រុះ World Cup របស់ពួកគេ ប៉ះនឹងក្រុមអាល់បានី និងសាន់ម៉ារីណូ ស្របពេលដែលខ្សែប្រយុទ្ធ Marcus Rashford និងខ្សែបម្រើ Jude Bellingham ត្រូវបានកោះហៅឲ្យចូលក្រុមវិញ ខណៈអ្នកចាត់ការ Gareth Southgate បានប្រកាស ពីការជ្រើសរើសក្រុម២៥នាក់ នៅថ្ងៃព្រហស្បតិ៍នេះ។

យោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានឲ្យដឹងថា អ្នកចាត់ការ Southgate ក៏បានដកកីឡាករ Kieran Trippier និងកីឡាករ Jesse Lingard ផងដែរ ដោយសារតែបញ្ហារបួស។

«យើងបានដកកីឡាករមួយចំនួន ជាលើកចុងក្រោយ, ដែលមានន័យថា អ្នកនាំអ្នកផ្សេងទៀតចូលមក ហើយបន្ទាប់មកអ្នកមានការសម្រេចចិត្តបន្ថែមទៀត ដើម្បីធ្វើវា។ ក្នុង នោះ ក៏ មាន កីឡាករ ក្មេងៗ មួយ ចំនួន ដែល លេង បាន ល្អផង ដែរ», នេះបើតាមសម្តីលោក Southgate។

កីឡាករ Sancho, ដែលបានផ្លាស់ទៅក្លិប United នៅក្នុងការបិទរដូវកាល ពីក្លិប Borussia Dortmund នោះ, បានបង្ហាញខ្លួន១២ការប្រកួត នៅក្នុងការប្រកួតទាំងអស់ ឲ្យក្លិប United។

អង់គ្លេស កំពុងឈរនៅកំពូលតារាងពូល I ដោយមាន២០ពិន្ទុ ពីការប្រកួត៨លើក, មាន៣ពិន្ទុ នាំមុខប៉ូឡូញ។ ពួកគេនឹងធ្វើម្ចាស់ផ្ទះ ស្វាគមន៍ក្រុមអាល់បានី នៅថ្ងៃទី១២ ខែវិច្ឆិកា ហើយនឹងធ្វើដំណើរទៅជួបក្រុមសាន់ម៉ារីណូ ៣ថ្ងៃបន្ទាប់៕