(ប៉េកាំង)៖ រដ្ឋបាលអន្តោរប្រវេសន៍ជាតិរបស់ចិន នឹងពង្រឹងវិធានការទប់ស្កាត់ជំងឺ COVID-19 សម្រាប់អ្នកធ្វើដំណើរចូល និងចេញពីប្រទេស ក្នុងអំឡុងពេលធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡា Beijing Winter Olympics ឆ្នាំ២០២២ខាងមុខ, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

អាជ្ញាធរអន្តោរប្រវេសន៍ បានស្នើសុំឲ្យមានការរៀបចំតំបន់ត្រួតពិនិត្យ លើបុគ្គលិកដែលពាក់ព័ន្ធនឹងកីឡាអូឡាំពិករដូវរងា នៅច្រកចូល និងច្រកចេញ និងអនុវត្តវិធានការប្រឆាំងការរីករាលដាល នៃមេរោគយ៉ាងតឹងរ៉ឹង។

ដោយសង្កត់ធ្ងន់ លើការបន្តគោលនយោបាយចូល និងចេញដ៏តឹងរឹង, រដ្ឋបាលអន្តោរប្រវេសន៍ជាតិរបស់ចិន បានលើកទឹកចិត្តប្រជាជន ឲ្យជៀសវាងការធ្វើដំណើរទៅក្រៅប្រទេស ដែលមិនចាំបាច់ និងមិនបន្ទាន់។

រដ្ឋបាលអន្តោរប្រវេសន៍ជាតិរបស់ចិន ក៏បានប្តេជ្ញាធ្វើកិច្ចសហប្រតិបត្តិការ ជាមួយអាជ្ញាធរអនុវត្តច្បាប់ នៃប្រទេសជិតខាង ក្នុងការល្បាតតាមព្រំដែន ដើម្បីបង្ក្រាបសកម្មភាពឧក្រិដ្ឋកម្ម និងទប់ស្កាត់ការរីករាលដាលនៃមេរោគផងដែរ។

សូមជម្រាបថា Beijing Winter Olympics នឹងធ្វើឡើងចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខ នៅទីក្រុងប៉េកាំង របស់ចិន៕