(ក្រុងឡុងដ៍)៖ លោក Antonio Conte ដែលទើបចុះកិច្ចសន្យាដឹកនាំក្លិបបាល់ទាត់ Tottenham Hotspur ដល់ខែមិថុនា ឆ្នាំ២០២៣ នោះ បានដឹកនាំឈ្នះ ១ប្រកួតដំបូងរបស់លោកទៅលើក្រុមមកពីព័រទុយហ្គាល់ Vitesse ក្នុងលទ្ធផល ៣-២ នៅយុទ្ធនាការ Europa Conference League នារាត្រីឆ្លងចូលថ្ងៃសុក្រ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ (ម៉ោងនៅកម្ពុជា)។

ដូចគ្នានោះដែរ ខ្សែប្រយុទ្ធអន្តរជាតិកូរ៉េខាងត្បូង Son Heung-min ក៏រកបានគ្រាប់ដំបូងក្រោមការដឹកនាំរបស់បុរសសញ្ជាតិអ៉ីតាលី វ័យ ៥២ឆ្នាំខាងលើផងដែរ មុនពេលមិត្តរួមក្រុម Lucas Moura បន្ថែមគ្រាប់ទី២ ស្ថិតក្នុងវគ្គទី១ ដូចគ្នា។

ក្រោយបញ្ចប់ការប្រកួតនៅពេល Spurs ទទួលបាន ៣ពិន្ទុជាលើកទី២ ក្នុងចំណោម ៣ប្រកួតប្រចាំពូល G នៅ ECL នោះ លោក Conte បានថ្លែងប្រាប់ BBC ថា «តាមគំនិត និងយោបល់របស់ខ្ញុំ ក្លិប Spurs ត្រូវការអវិវឌ្ឍន៍ច្រើនណាស់ស្ទើរតែគ្រប់កីឡាករទាំងអស់ ដើម្បីឲ្យលេងយល់ចិត្តគ្នាខ្លាំងឡើង។ ដូច្នេះយើងត្រូវតែមានភាពអត់ធ្មត់ទាំងតាក់តិចលេង និងហ្វឹកហាត់កាយសម្បទា នេះជាអ្វីដែលខ្ញុំសង្ឃឹមថា កីឡាករគ្រប់រូបនឹងយល់»

លោក Conte អតីតគ្រូបង្វឹកជោគជ័យ ១រូបនៅក្នុងក្លិបតោខៀវ Juventus, Chelsea និង Inter Milan ផងនោះ ត្រូវបានថ្នាក់ដឹកនាំ និងអ្នកគាំទ្រក្លិប Spurs ស្វាគមន៍យ៉ាងកក់កៅបំផុតនៅកីឡដ្ឋាន Tottenham Hotspur គ្រាដែលរូបលោកដឹកនាំមាន់ខ្នាយមាសដំបូងបើកការនាំមុខ Vitesse ៣-០ មុនរបូត ២គ្រាប់វិញនៅ Europa Conference League យប់មិញនេះ៕