(ប្រ៊ុចសែល)៖ ក្រុមបាល់ទាត់ញញួរធំ West Ham United បានឆ្លងផុតនៃការប្រកួតចេញពីពូល H នៅពាន UEFA Europa League ហើយនៅពេលលេងស្មើ ២-២ ទល់នឹងម្ចាស់ផ្ទះ Genk របស់ប៊ែលហ្សិកនារាត្រីឆ្លងចូលថ្ងៃសុក្រ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ (ម៉ោងនៅកម្ពុជា)។

ក្រុមលេងនៅលីគកំពូលអង់គ្លេស Premier League បន្តកំណត់ត្រាលេង ៤ប្រកួតក្នុងពូល H មិនដែលចាញ់ឡើយ ពោលគឺឈ្នះ៣ និងស្មើ១ រកបាន ១០ពិន្ទុនាំមុខកំពូលតារាងដាច់ ខណៈក្រុមលេខ២ Dinamo Zagreb មាន៦ពិន្ទុ និងក្រុមលេខ៣ Genk ទើបមាន ៤ពិន្ទុ និងសល់ ២ប្រកួតក្នុងដៃដូចគ្នា។

នេះមានន័យថា ក្រុមរបស់លោក David Moyes បានកក់កៅអីវគ្គ ៣២ក្រុមចុងក្រោយនៅ UEL រួចជាស្រេចក្នុងនាមយកក្រុមលេខ១ និងលេខ២ គ្រប់ពូលដើម្បីឡើងទៅវគ្គបន្ត និងរង់ចាំក្រុមលេខ៣ ធ្លាក់ពី UEFA Champions League ផងដែរ។

ក្នុងប្រកួតទី៤ នាយប់មិញនេះដែរ កីឡាករខ្សែប្រយុទ្ធ Said Benrrahma រកបាន ៣គ្រាប់ហើយនៅ Europa League ក្នុងរដូវកាលនេះឲ្យ West Ham គ្រាដែលលោក David Moyes ក៏បានដឹកនាំលើកទី១០០០ប្រកួតរបស់ខ្លួនផងដែរក្នុងនាមជាអ្នកចាត់ការទូទៅដែរ៕