(ភ្នំពេញ)៖ សាលាបណ្ដុះបណ្ដាល និងអភិវឌ្ឍន៍ជំនាញចំនួន០២ នៅក្នុងរាជធានីភ្នំពេញ បានទទួលជំនួយឧបត្ថម្ភជាសម្ភារៈសំណង់ និងបរិក្ខារប្រើប្រាស់ ពីក្រុមហ៊ុន អេសស៊ីជី ប្រចាំកម្ពុជា ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិជាហូរហែរបស់ក្រុមហ៊ុនជាមួយនឹងស្ថាប័នទាំងពីរនេះ ដើម្បីរួមចំណែកដល់វិស័យបណ្ដុះបណ្ដាលជំនាញនិងអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា ។

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ហៅកាត់ថា CTSDI និងវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) បានសហការជាដៃគូជាមួយក្រុមហ៊ុន អេសស៊ីជី នាពេលកន្លងមកសម្រាប់កម្មវិធីបណ្ដុះបណ្ដាលជំនាញមេជាងសំណង់ ដែលជាកម្មវិធីមួយដើម្បីលើកកម្ពស់ជំនាញរបស់មេជាងសំណង់មកពីខេត្តក្រុងនានា នៅទូទាំងប្រទេសកម្ពុជា។

សម្ភារៈសំណង់ និងបរិក្ខារប្រើប្រាស់ដែលបានឧបត្ថម្ភរួមមាន ស៊ីម៉ងត៍ ក្បឿង ទុយោ និងគ្រឿបបរិក្ខារបន្ទប់ទឹក ព្រមព្រៀងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ផ្ដល់ជូនដល់វិទ្យាស្ថានទាំងពីរសម្រាប់ប្រើប្រាស់តាមតម្រូវការសាងសង់នានា និងសម្រាប់សិស្សនិស្សិតប្រើប្រាស់នៅក្នុងរោងជាងខណៈពួកគេទទួលការបណ្ដុះបណ្ដាលជំនាញ។

លោក រ៉ាត់ឆាយុត កាសេមឆៃសិរី (Ratchayut Kasemchaisiri) នាយកក្រុមហ៊ុន អេសស៊ីជី ប្រចាំកម្ពុជា បានថ្លែងក្នុងឱកាសឧបត្ថម្ភសម្ភារៈជូនវិទ្យាស្ថានបណ្តុះបណ្តាលជំនាញទាំង២ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ ថា សម្ភារៈអំណោយទាំងនេះ គឺសម្រាប់ការប្រើប្រាស់របស់វិទ្យាស្ថាន នៅក្នុងការសាងសង់សំណង់នានាតាមតម្រូវការ និងសម្រាប់រោងជាងរបស់សិស្សនិស្សិត។

លោក រ៉ាត់ឆាយុត ថ្លែងយ៉ាងដូច្នេះថា «យើងមានមោទនភាព ដែលបានសហការជាដៃគូជាមួយវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ និង វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍជំនាញនិងធនធានមនុស្សនៅកម្ពុជា។ នៅក្រោមកិច្ចសហប្រតិបត្តិការទាំងនេះយើងបានបណ្ដុះបណ្ដាល និងលើកកម្ពស់ជំនាញរបស់និស្សិត និងមេជាងសំណង់ជាច្រើនរយនាក់មកពីគ្រប់ទិសទីទូទាំងប្រទេស»

លោក រ៉ាត់ឆាយុត បានបន្ថែមថា «តាមរយៈសកម្មភាព CSR របស់ខ្លួន អេសស៊ីជី នឹងបន្តផ្ដល់ប្រយោជន៍ជាហូរហែដល់សង្គមកម្ពុជាវិញ ហើយការអភិវឌ្ឍធនធានមនុស្សនិងបរិស្ថាន គឺជាវិស័យពីរស្ថិតក្នុងចំណោមអាទិភាពសំខាន់បំផុតរបស់យើង»

នៅក្នុងឱកាសប្រគល់-ទទួលជំនួយឧបត្ថម្ភពីរកន្លែងផ្សេងគ្នា មន្ត្រីតំណាងរបស់វិទ្យាស្ថាន CTSDI និងវិទ្យាស្ថាន NTTI បានថ្លែងអំណរគុណដល់ក្រុមហ៊ុន អេសស៊ីជី សម្រាប់កិច្ចសហប្រតិបត្តិការនិងជំនួយឧបត្ថម្ភទាំងនេះ។

លោក រស់ ប៉ែត នាយកវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ បានអរគុណចំពោះ អេសស៊ីជី ដែលបានផ្ដល់ជំនួយឧបត្ថម្ភនាពេលកន្លងមក ដោយលោកបានបញ្ជាក់ថា ជំនួយទាំងនោះបានបម្រើដល់សេចក្ដីត្រូវការរបស់វិទ្យាស្ថាន។ លោក រស់ ប៉ែត បានបន្តថា នៅពេលអនាគត លោកសង្ឃឹមថា ក្រុមហ៊ុន អេសស៊ីជី នឹងបន្តជួយដល់គម្រោងផ្សេងៗទៀតរបស់វិទ្យាស្ថានផងដែរ។

នៅឯវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស លោក ម៉ុម សូម៉ាច នាយករងរដ្ឋបាល និងហិរញ្ញវត្ថុនៃវិទ្យាស្ថាន ដែលទទួលជំនួយឧបត្ថម្ភតាងនាងឲ្យថ្នាក់ដឹកនាំវិទ្យាស្ថាន ក៏បានថ្លែងអំណរគុណដល់ អេសស៊ីជី ផងដែរ ហើយលោកក៏បានស្នើសុំឲ្យក្រុមហ៊ុនបន្តជួយដល់វិទ្យាស្ថាននៅក្នុងបណ្ដាឆ្នាំទៅមុខទៀតផង។

អេសស៊ីជី គឺជាក្រុមហ៊ុនឈានមុខគេមួយនៅអាស៊ាន នៅក្នុងវិស័យផលិតស៊ីម៉ងត៍និងសម្ភារៈសំណង់ ដែលបានធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជា អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ ជាផ្នែកមួយនៃសកម្មភាព CSR របស់ខ្លួន អេសស៊ីជី បានចាប់ដៃគូជាមួយ CTSDI និង NTTI ដើម្បីផ្ដល់ការបណ្ដុះបណ្ដាលជំនាញដល់សិស្សនិស្សិត និងមេជាងសំណង់ជាច្រើនរយនាក់ នៅក្រោមកម្មវិធី បណ្ដុះបណ្ដាលមេជាងសំណង់ (Contractor Academy) របស់ខ្លួន៕