(ភ្នំពេញ)៖ «Are You Ok» វណ្ណកម្មថ្មីនៃសិល្បៈចម្រៀងរបស់ផលិតកម្ម Galaxy Navatra របស់អ្នកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា មិនត្រឹមតែផ្ទុះការចាប់អារម្មណ៍យ៉ាងកក្រើកនៅក្នុងមជ្ឈដ្ឋានសិល្បៈនៅកម្ពុជាប៉ុណ្ណោះទេ តែក៏មានការចាប់អារម្មណ៍ខ្លាំងនៅក្រៅប្រទេសផងដែរ។ ការចាប់អារម្មណ៍នេះ បានធ្វើឱ្យផលិតកម្មល្បីឈ្មោះមួយនៅក្នុងប្រទេសចិន GESTOS សម្រេចចិត្តទិញសិទ្ធិផលិតចម្រៀងនេះ ពីផលិតកម្ម Galaxy Navatra។

ពិធីចុះហត្ថលេខាទិញកម្មសិទ្ធិផលិតបទចម្រៀងនេះ ត្រូវបានធ្វើឡើងយ៉ាងមហោឡារឹកអធិកអធមនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីតំណាងផលិតកម្មទាំងពីរ ព្រមតំណាងមន្ត្រីពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសិល្បៈករ សិល្បៈការិនីជាច្រើនរូបទៀត។

ការទិញសិទ្ធិផលិតបទចម្រៀងពីផលិតកម្មក្រៅប្រទេស គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយក្នុងវិស័យសិល្បៈចម្រៀងនៅក្នុងប្រទេសកម្ពុជា។ វិស័យសិល្បៈចម្រៀងនេះ ពីដើមឡើយច្រើនមានការរិះគន់មួយចំនួនជុំវិញសិល្បៈចម្រៀងថា ខ្វះគំនិតក្នុងការផលិតបទភ្លេង ឬទំនុកច្រៀងជាដើម ហើយលួចចម្លងពីប្រទេសជិតខាង និងប្រទេសនានាលើលោកជាដើម។

ដូច្នេះការដែលផលិតកម្ម Galaxy Navatra ផលិតកម្មវ័យក្មេងនៅកម្ពុជា ហើយអាចផលិតបទចម្រៀងឱ្យបរទេសទិញកម្មសិទ្ធិផលិតបែបនេះ អាចរាប់ថាជាការបង្កើតនូវមោទនភាពសម្រាប់សិល្បៈចម្រៀងនៅកម្ពុជាផងដែរ។

ក្នុងពិធីចុះហត្ថលេខានេះ មានការជជីកចោទសួរយ៉ាងច្រើនពីអ្នកសារព័ត៌មានទៅកាន់តំណាងផលិតកម្មទាំងពីរ និងមន្ត្រីតំណាងក្រសួងវប្បធម៌ ជុំវិញការទិញសិទ្ធិផលិតបទចម្រៀងនេះ៕