(ភ្នំពេញ)៖ ការសម្រេចចិត្ដណាមួយលើការព្យាបាលវេជ្ជសាស្ដ្រ ការថែទាំក្រោយការព្យាបាល ឬការជាសះស្បើយ គួរតែត្រូវធ្វើឡើងដោយមានការពិគ្រោះយោបល់ នឹងទទួលបាននូវដំបូន្មានពីគ្រូពេទ្យដែលមានជំនាញច្បាស់លាស់តែមួយគត់។

តើអ្វីទៅជាការព្យាបាលម៉្ញូប ដោយកាំរស្មី LASIK?
តាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត តោ រេមី ឯកទេសកញ្ចក់ភ្នែក និងវះកាត់ដោយឡេសឺរ នៃមន្ទីរពេទ្យព្រះអង្គឌួង បានឱ្យដឹងថា LASIK (Laser-Assited in-situ Keratomileusis) គឺជាការវះកាត់កញ្ចក់ភ្នែកសម្រាប់ដែលមានបញ្ហាដូចជា ភ្នែកល្អៀង មើលជិតមិនច្បាស់ ឆ្ងាយមិនច្បាស់ ដោយកាំរស្មី ដើម្បីបញ្ឈប់ ឬកាត់បន្ថយការពាក់វែនតា និង Contact Lenses។

តើការព្យាបាលម៉្ញូប ដោយកាំរស្មី LASIK ត្រូវបានការអនុវត្ដយ៉ាងដូចម្ដ៉េច?
ភ្នែកត្រូវបានបើកដោយឧបរកណ៍បើកភ្នែកដំបូង គ្រូពេទ្យវះកាត់យកស្រទាប់កញ្ចក់ភ្នែកមួយផ្នែកតូច នៅភ្នែកដែលបានបើករួចនោះ ដោយប្រើកាំរស្មី ដើម្បីកែលំអកញ្ចក់ភ្នែក។ ហើយគ្របស្រទាប់កញ្ចក់ភ្នែកដែលបានបើកនោះ មកកន្លែងដើមវិញ ដែលវាជាសះស្បើយ តាមពេលវេលា។

តើមានអត្ថប្រយោជន៍អ្វីខ្លះ?
ការទទួលបានត្រលប់មកវិញគឺ ការមើលឃើញបានឆាប់រហ័ស លើសពី ៩៧% ទទួលបានគំហើញធម្មតា ពុំមានការឈឺចាប់ មិនទាមទារការដេរ និងប្រសិទ្ធភាពនៃការព្យាបាលភ្នែក LASIK គឺជានិរន្ដន៍ ។

តើអ្នកគួរត្រៀមសម្រាប់ការព្យាបាលម៉្ញូប ដោយកាំរស្មី LASIK យ៉ាងដូចម្ដ៉េចខ្លះ?
*អ្នកមិនគួរពាក់ Contact lenses ១សប្ដាហ៍មុនធ្វើការព្យាបាល LASIK
*មិនត្រូវលាប ឬផាត់មុខ មុនពេលព្យាបាល

តើរយៈពេលនៃការព្យាបាលម៉្ញូប ដោយកាំរស្មី LASIK?
គ្រប់ពេលនៃការព្យាបាលភ្នែក LASIK ទាំងអស់ចំណាយពេលតិចជាង១ម៉ោង ដើម្បីបញ្ចប់ ដោយមិនចាំចាច់សម្រាកពេទ្យនោះទេ អ្នកនឹងបានចាកចេញ ក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីការព្យាបាលត្រូវបានបញ្ចប់។

ចំណែកចំនួនវគ្គដែលត្រូវបានព្យាបាល គឺអ្នកអាចព្យាបាលភ្នែកទាំងសងខាងក្នុងពេលតែមួយបាន ដោយការប្រើតែថ្នាំស្ពឹក បន្ដក់ភ្នែកប៉ុណ្ណោះ។ អ្នកអាចមើលឃើញភ្លាមៗបន្ទាប់ធ្វើការព្យាបាលរួច។ គំហើញអ្នកប្រហែលមិនឃើញច្បាស់ទាំងស្រុងភ្លាមៗនោះទេ។ គំហើញដែលច្បាស់ទាំងស្រុង គឺនៅរយៈពេល១ខែទៅ២ខែក្រោយ។

តើការព្យាបាលក្រោយការព្យាបាលយ៉ាងដូចម្ដ៉េចខ្លះ?
*ប្រើថ្នាំសម្លាប់មេរោគថ្នាំសម្រាប់ប្រឆាំងការរលាកភ្នែក នឹងទឹកភ្នែកសិប្បនិមិត្ដ ២សប្ដាហ៍ទៅ៣សប្ដាហ៍។ ការពារភ្នែក ពីពន្លឺចាំងជាមួយនឹងរបាំងការពារភ្នែក។ អ្នកប្រហែលជាត្រូវកាគ្របភ្នែកនៅពេលយប់ ដើម្បីការពារមេរោគឆ្លង។
*ចៀសវាងការប្រើគ្រឿងតុបតែងភ្នែក និងការហែលទឹក ស្ទីម សូណា នៅ១ខែដំបូង។ ចៀសវាងការញីភ្នែក ។ ឈប់លេងកីឡា ដែលងាយមានការប៉ះពាល់ទង្គិចដូចជា៖ បាល់ទាត់ បាល់ទះ រយៈពេល៦ខែ ។

តើការព្យាបាលនេះ ហានិភ័យយ៉ាងដូចម្ដ៉េចខ្លះ?
ភ្នែកស្ងួតប៉ុន្ដែអាចព្យាបាលបានដោយថ្នាំ ការមើលឃើញពន្លឺដូចលោកខែបាំងឆ័ត្រ ការមើលឃើញវត្ថុពីរ ការមើលឃើញស្រអាប់ ចាំងពន្លឺពិបាកមើលនៅពេលយប់ លើស ឬក្រោមការកែតំរូវ ឆ្លងមេរោគ និងភ្នែកល្អៀង ។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា មនុស្សជាង ២០លានអ្នកទូទាំងពិភពលោក បានទទួលការព្យាបាលម៉្ញូបដោយកាំរស្មី LASIK។ សុវត្ថិភាពជាងការប្រើ Contact lens។ របាយការណ៍ទាហានអាមេរិក ៣២,០០០នាក់ បានទទួលការព្យាបាលភ្នែកជាមួយ LASIK៕