(ភ្នំពេញ)៖ ជាការពិតណាស់ ក្នុងចំណោមប្រទេសល្បីផ្នែកចម្រៀង ចិនត្រូវបានគេដឹងថា ជាទីផ្សារចម្រៀងដ៏ធំបំផុតមួយនៅលេីពិភពលោក ។ ថ្មីៗ នេះមហាជនខ្មែរហាក់មានការភ្ញាក់ផ្អេីលយ៉ាងខ្លាំង ពេលដឹងថា ចម្រៀង «Are You Ok?» របស់កម្ពុជា ត្រូវបានក្រុមហ៊ុនចិន GESTOS ចាប់អារម្មណ៍ រហូតឈានដល់ការចុះអនុស្សរណៈទិញសិទ្ធិបទចម្រៀងនេះពីផលិតកម្ម Galaxy Navatra ដេីម្បីយកទៅផលិតបន្តនៅប្រទេសចិន និងផ្សព្វផ្សាយឲ្យកាន់តែច្រេីនលេីបណ្តាញសង្គមចិន។

ថ្លែងនៅក្នុងសន្និសីទកាសែតលក់សិទ្ធិចម្រៀង «Are you ok?» របស់ Galaxy Navatra ទៅក្រុមហ៊ុនចិន GESTOS ជាផ្លូវការ ថ្មីៗនេះ គេបា នកត់សម្គាល់ថា អ្នកស្រី Britney អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន GESTOS ហាក់បង្ហាញ់ក្តីសង្ឃឹមយ៉ាងមុតមាំថា ការយកចម្រៀងរបស់កម្ពជាទៅផលិតបន្ត នឹងទទួលបានផលចំណេញច្រេីន ត្បិតថាបទនេះបច្ចប្បន្នមានប្រជាប្រិយភាពខ្លាំងទៅហេីយ។ លោកស្រីនិយាយថា «តាមរយៈការសហការគ្នាលើកនេះ ភាគីទាំងពីរសង្ឃឹមយ៉ាងមុតមាំថា ពួកយើងនឹងសម្រេចបាននូវការផ្លាស់ប្ដូរ កម្មសិទ្ធិបញ្ញា រវាងគ្នា និងគ្នា ហើយអ្នកចម្រៀង អ្នកនិពន្ធទំនុកច្រៀង អ្នកនិពន្ធបទភ្លេងរបស់ផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា ក៏នឹងទទួលបានចំណូលជាភាគរយពីអ្នកចូលទស្សនានៅក្នុងកម្មវិធីបណ្តាញសង្គមនានានៅប្រទេសចិនថែមទៀតផង»

អ្វីដែលរឹតតែមោទនភាពសម្រាប់ផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជានោះ គឺអ្នកស្រី Britney បានបង្ហើបថា នៅពេលស្ថានភាពជំងឺកូវីដកាន់តែធូរស្បើយនាពេលខាងមុខ ក្រុមហ៊ុននឹងអញ្ជើញតារាចម្រៀង ក៏ដូចជាខាងផលិតកម្ម ទៅចូលរួមកម្មវិធីប្រគំតន្ត្រីធំៗនៅឯប្រទេសចិនមិនខាន។ នេះអាចនិយាយបានថា ជារឿងកម្របំផុតមួយ ដែលវិស័យចម្រៀងកម្ពុជា ទទួលបានការពេញចិត្ត ចាប់អារម្មណ៍ពីបរទេសបែបនេះ។

ការចុះអនុស្សរណៈលក់សិទ្ធិបទចម្រៀង ដែលកំពុងតែល្បីល្បាញ និងធ្វើឲ្យផ្អើលអស់អ្នកលេងបណ្ដាញសង្គមនៅកម្ពុជា និងបរទេសនេះ ធ្វើឡើងបន្ទាប់ពីខាងផលិតកម្ម បានកែសម្រួលខ្លឹមសារ និងរូបភាពឡើងវិញ ដើម្បីឱ្យស្របទៅតាមលក្ខខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងទទួលបាននូវទិដ្ឋាការផ្សព្វផ្សាយជាសាធារណៈទាំងក្នុង និងក្រៅប្រទេស។

សន្និសីទសារព័ត៌មានដ៏ឱឡារឹកនេះ មានការចូលរួមពីតំណាងផលិតកម្ម និងអ្នកចាត់ការទូទៅក្រុមហ៊ុន GESTOS និងតំណាងមកពីប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងភ្ញៀវកិត្តយសជាតិ អន្តរជាតិ និងបណ្ដាញអ្នកសារព័ត៌មានជាច្រើនស្ថាប័នចូលរួមផងដែរ។

លោក យឹម តាស្រង់ អ្នកគ្រប់គ្រងទូទៅផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា បានថ្លែងថា «ក្រោយពីខាងផលិតកម្មលក់សិទ្ធិបទចម្រៀង Are you ok? នេះទៅខាងក្រុមហ៊ុន GESTOS បទចម្រៀង ស្នាដៃកូនខ្មែរមួយបទនេះ នឹងត្រូវក្លាយជាកម្មសិទ្ធិបញ្ញារវាងផលិតកម្មហ្គាឡាក់ស៊ីណាវ៉ាត្រា និងក្រុមហ៊ុន GESTOS ដោយមិនមានជនណាអាចថតចម្លង ឬបង្ហោះដោយគ្មានការអនុញ្ញាតនៅប្រទេសចិនឡើយ»។

អ្នកគ្រប់គ្រងទូទៅផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា ដដែលរូបនេះ ពន្យល់បន្ថែមទៀតថា «ចាប់ពីពេលចុះអនុស្សរណៈលក់សិទ្ធិបទចម្រៀង “Are you ok?” នេះទៅ ក្រុមហ៊ុន GESTOS ដែលជាក្រុមហ៊ុនផលិតចម្រៀងដ៏ធំនៅប្រទេសចិន មានសិទ្ធិយកទៅកែសម្រួលជាភាសាចិន ហើយគ្រោងនឹងផ្សព្វផ្សាយនៅគ្រប់បណ្តាញសង្គមល្បីៗនៅក្នុងប្រទេសចិន»។

ផលិតកម្មហ្គាឡាក់ស៊ីណាវ៉ាត្រា មានចក្ខុវិស័យ ដើម្បីនាំយកបទចម្រៀងខ្មែរទៅកាន់ទីផ្សារបរទេស ប្រកាន់ភ្ជាប់នូវការផលិតចម្រៀងថ្មីៗមិនចម្លងស្នាដៃអ្នកដទៃ និងមានគោលបំណងធ្វើឲ្យបរទេសបានស្គាល់អំពីប្រទេសកម្ពុជា ដើម្បីឈានទៅទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាប្រទេសយើងកាន់តែច្រើន។ ជាក់ស្តែងបទ Are you ok? នេះតែម្តង ឃើញមានតារាល្បីៗលំដាប់ពិភពលោកបានយកបទនេះទៅសម្តែងដាក់ក្នុងបណ្តាញសង្គមយ៉ាងច្រើនជាពិសេសបណ្តាញសង្គម TikTok។

គួរបញ្ជាក់ថា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្រេចទិដ្ឋកាបទចម្រៀង «Are you ok»? របស់ផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា អាចផលិត MV ខារ៉ាអូខេថ្មីបាន។ បន្ទាប់ពីខាងផលិតកម្ម បានធ្វើការកែតម្រូវចំណុចខ្វះខាតស្របតាមលក្ខខណ្ឌរបស់ក្រសួង ចម្រៀងនេះមួយបានបញ្ចេញ Full MV ផ្លូវការនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយបានបំបែកកំណត់ត្រា ក្លាយជាចម្រៀងទី១បង្អស់ក្នុងប្រទេសកម្ពុជា ដែលទទួលបានចំនួន View រហូតដល់ ៤លានដង ក្នុង YouTube ត្រឹមតែ២៤ម៉ោងដំបូងប៉ុណ្ណោះ។

អ្វីដែលពិសេស ចម្រៀងមួយនេះ ក៏បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀត ដោយបានក្លាយជាចម្រៀងកម្ពុជាដំបូងបង្អស់ ដែលត្រូវបានក្រុមហ៊ុនបរទេស ពោលគឺក្រុមហ៊ុនចិន GESTOS ទិញកម្មសិទ្ធបញ្ញា យកទៅផលិតបន្តនៅប្រទេសចិន ដែលការចុះកិច្ចព្រមព្រៀងទិញលក់នេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១៕