(អាមេរិក)៖ កំពូលមហាសេដ្ឋី លំដាប់ពិភពលោក Elon Musk បានធ្វើការស្ទង់មតិទៅកាន់អ្នកប្រើប្រាស់បណ្ដាញសង្គម Twitter ថា តើលោកគួរលក់ភាគហ៊ុនចំនួន ១០ភាគរយនៅក្នុងក្រុមហ៊ុន Tesla ដែរឬទេ? ជាលទ្ធផលគឺមានអ្នកចូលរួមបោះឆ្នោតរហូតដល់ ៣,៥លាននាក់ដោយក្នុងនោះមាន ៥៧,៩ភាគរយបានយល់ព្រមឱ្យលោកលក់ភាគហ៊ុន។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា គិតត្រឹមខែមិថុនាកន្លងទៅនេះ លោក Elon Musk មានហ៊ុនសរុបចំនួន ១៧០,៥លានហ៊ុននៅក្នុងក្រុមហ៊ុន Tesla ហើយបើសិនជាលោកលក់ត្រឹមតែ ១០ភាគរយនៃ ហ៊ុន សរុបនេះលោកនឹងទទួលបាន ២១ពាន់លានដុល្លារអាមេរិក។

មូលហេតុដែលនាំឱ្យលោកធ្វើការស្ទង់មតិនៅលើបណ្ដាញសង្គម Twitter ពាក់ព័ន្ធនឹងការលក់ភាគហ៊ុននេះគឺដោយសារតែសភាអាមេរិក បានប្រកាសបង្ហាញពីការប្រមូលពន្ធពីពួកកំពូលមហាសេដ្ឋីដើម្បីយកប្រាក់ទៅបម្រើឱ្យវិស័យផ្សេងៗ (ការចំណាយរបស់រដ្ឋាភិបាល) ហើយសេចក្ដីប្រកាសនេះបានធ្វើឱ្យនាយកប្រតិបត្តិក្រុមហ៊ុន Tesla រូបនេះហាក់មានការសមិនសប្បាយចិត្ត។

លោក Elon Musk បានបញ្ជាក់ថា «ខ្ញុំមិនដឹងថាគួរធ្វើយ៉ាងម៉េចដើម្បីគេចពន្ធនេះបាន ដូច្នេះខ្ញុំមានតែសម្រេចចិត្តចង់លក់ភាគហ៊ុនចំនួន ១០ភាគរយរបស់ខ្ញុំនៅក្នុងក្រុមហ៊ុន Tesla ហើយខ្ញុំប្រហែលជាមិនយកប្រាក់បៀវត្សរ៍ ឬប្រាក់រង្វាន់ពីគ្រប់ទីកន្លែង ពោលគឺមានតែភាគហ៊ុនប៉ុណ្ណោះ»

គួរបញ្ជាក់ផងដែរថា កាលពីសប្ដាហ៍មុន លោក Elon Musk បានឆ្លើយបតទៅកាន់កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) ថា បើសិនជា ២ភាគរយ ឬ ៦ពាន់លានដុល្លារនៃទ្រព្បសម្បត្តិរបស់លោក អាចដោះស្រាយបញ្ហាអត់ឃ្លាននៅជុំវិញពិភពលោកបានមែននោះ លោកនឹងធ្វើរឿងនេះភ្លាមប៉ុន្តែ WFP ត្រូវបង្ហាញពីរបៀបនៃការដោះស្រាយបញ្ហានេះជាសាធារណៈ៕