(ភ្នំពេញ)៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានប្ដេជ្ញាខំប្រឹងអភិវឌ្ឍន៍ និងពង្រឹងសមត្ថភាព-បច្ចេកទេសរបស់ក្រុមជម្រើសជាតិខ្លួន ដើម្បីឈានទៅបំបែកសិទ្ធផលចាស់ ក្នុងការប្រជែងមេដាយឲ្យកាន់តែល្អប្រសើរ នៅក្នុងការប្រកួតកីឡាស៊ីហ្គេម ២លើកចំពោះមុខ គឺការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម នាពាក់កណ្ដាលឆ្នាំ២០២២ និងស៊ីហ្គេម លើកទី៣២ នៅកម្ពុជា នាឆ្នាំ២០២៣ ។

ការដាក់គោលដៅយុទ្ធសាស្ដ្រក្នុងការប្រជែងមេដាយស៊ីហ្គេមនេះ ស្របពេលសហព័ន្ធកំពុងផ្ដោតការយកចិត្តទុកដាក់ខ្លាំង តាមរយៈការបិទខ្ទប់ប្រមូលផ្ដុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជា ក៏ដូចជាការរៀបចំសង្វៀនប្រកួតផ្ទាល់ខ្លួន គឺកម្មវិធី Ultimate Boxing Championship ដែលអនុញ្ញាតឲ្យកីឡាករជម្រើសជាតិមានឱកាសប្រកួតប្រជែង វាស់ស្ទង់ និងពង្រឹងសមត្ថភាពបន្ថែមទៀតផង ។

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់ថា សម្រាប់ស៊ីហ្គេម ឆ្នាំ២០២២ នៅវៀតណាម សហព័ន្ធគ្រោងបញ្ជូនកីឡាករ-កីឡាការិនី ៨ ទៅ ៩នាក់ចូលរួម ហើយបច្ចុប្បន្នសហព័ន្ធកំពុងជំរុញ និងតាមដានជានិច្ច ចំពោះការហ្វឹកហាត់របស់កីឡាករ-កីឡាការិនី ដើម្បីពង្រឹងសមត្ថភាពពួកគេឆ្ពោះទៅដណ្ដើមមេដាយបានច្រើន ឬឈានទៅដណ្ដើមមេដាយកម្រិតខ្ពស់ជាងស៊ីហ្គេម ឆ្នាំ២០១៩ នៅហ្វីលីពីន ។

លោកអគ្គលេខាធិការសហព័ន្ធ បានបង្ហាញសុទិដ្ឋិនិយមថា ក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជា អាចនឹងមានលទ្ធភាពប្រជែងមេដាយបានច្រើនជាងស៊ីហ្គេមកន្លងមក ដើម្បីបំបែកកំណត់ត្រាថ្មីក្នុងស៊ីហ្គេម នៅវៀតណាម ដែលជាស៊ីហ្គេមយុទ្ធសាស្ដ្រឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ដែលសហព័ន្ធកំពុងយកចិត្តទុកដាក់ខ្លាំង ដើម្បីធ្វើយ៉ាងណាដណ្ដើមមេដាយមាសឲ្យបានយ៉ាងហោច ១គ្រឿង ក្នុងឋានៈជាម្ចាស់ផ្ទះជាប្រវត្តិសាស្ដ្រ នៅឆ្នាំ២០២៣ ។

គួរដឹងថា កាលពីស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅហ្វីលីពីន ក្រុមកីឡាប្រដាល់សកលកម្ពុជា ដណ្ដើមបានមេដាយសំរឹទ្ធ ៥គ្រឿង ។ បច្ចុប្បន្នសហព័ន្ធបានទទួលគោលការណ៍ពីក្រសួងអប់រំ យុវជន និងកីឡា ធ្វើការប្រមូលផ្ដុំក្រុមជម្រើសជាតិ ១៣នាក់ ក្នុងនោះមានកីឡាការិនី ២នាក់ ដែលកំពុងប្រមូលផ្ដុំហ្វឹកហាត់នៅក្លិបនាយករដ្ឋនអង្គរក្សា និងម្នាក់កំពុងហ្វឹកហាត់នៅវៀតណាម ដើម្បីការប្រកួតស៊ីហ្គេម នាឆ្នាំ២០២២ និងឆ្នាំ២០២៣ ៕