(អាមេរិក)៖ ពីរឆ្នាំចុងក្រោយនេះ កម្មវិធី Telegram បានផ្ទុះការគាំទ្រយ៉ាងខ្លាំង ជាពិសេសគឺស្របពេលកម្មវិធី WhatsApp និង Facebook មានរឿងអាស្រូវ អ្នកប្រើប្រាស់បាននាំគ្នាសម្រុកមកប្រើ Telegram ព្រោះថាវាមានសុវត្ថិភាព និងមិនមានការផ្សព្វផ្សាយពាណិជ្ជកម្ម ដែលនាំ ឱ្យ មានភាពរញ៉េរញ៉ៃ។

ដោយឡែក យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Phone Arena នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា កម្មវិធី Telegram នឹង ចាប់ផ្ដើមមានការផ្សព្វផ្សាយពាណិជ្ជកម្ម (Ads) នៅក្នុងពេលឆាប់ៗខាងមុខនេះ ប៉ុន្តែការផ្សព្វផ្សាយពាណិជ្ជកម្មទាំងនោះគឺមានលក្ខណៈខុសគ្នា ពី បណ្ដាញសង្គម និងកម្មវិធីផ្សេងៗ។

លោក Pavel Durov ស្ថាបនិក និងជានាយកប្រតិបត្តិ Telegram បានប្រកាសឱ្យដឹងថា នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ទៀតនេះ លោកនឹងដាក់ ចេញនូវមុខងារថ្មីមួយទៀតគឺការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើ Channel ដែលមានសមាជិកចាប់ពី ១០០០នាក់ឡើងទៅ ប៉ុន្តែលក្ខខណ្ឌ នៃ ការ បង្ហាញពាណិជ្ជកម្មគឺអាស្រ័យលើ Admin និង User ជាអ្នកកំណត់។

យោងតាមការបញ្ជាក់របស់លោក Pavel Durov បានឱ្យដឹងថា សម្រាប់ Admin របស់ Channel ដែលមានសមាជិកច្រើនគឺអាចបិទ ការផ្សព្វផ្សាយពាណិជ្ជកម្មសម្រាប់ គ្រប់សមាជិកនៅក្នុង Channel របស់ខ្លួនបាន មានន័យថា មិនមានផ្ទាំងផ្សាយពាណិជ្ជកម្មណាមួយ ត្រូវបាន បង្ហាញ នៅក្នុង Channel របស់ខ្លួនឡើយ។

ដោយឡែកសម្រាប់ User ឬអ្នកប្រើប្រាស់ធម្មតាវិញក៏អាចបិទផ្ទាំងពាណិជ្ជកម្មមិនឱ្យបង្ហាញខ្លួនឃើញផងដែរ ប៉ុន្តែតម្រូវឱ្យធ្វើការ ចុះឈ្មោះ បង់ ប្រាក់ (subscription) ប៉ុន្តែគេនៅមិនទាន់ដឹងថា ត្រូវបង់ចំនួនប៉ុន្មាន ហើយបង់ដោយវិធីណានោះទេ។

គួរបញ្ជាក់ផងដែរថា កម្មវិធី Telegram ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ ២០១៣ ដោយបងប្អូបង្កើតជនជាតិរុស្សី ពីរនាក់គឺ Nikolai និង Pavel Durov និងបានដំណើរការដោយថវិកាផ្ទាល់ខ្លួនរបស់ពួកគេដែលបានមកពីការលក់ហ៊ុនបណ្ដាញសង្គម VK និងក្រោយមកទៀតក៏មានការ បណ្ដាក់ទុនពីវិនិយោគិនមួយចំនួន និងតាមរយៈការលក់មូលបត្របំណុល៕