(ភ្នំពេញ)៖ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ដោយទទួលបានការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា នៅចុងសប្ដាហ៍នេះ នឹងបញ្ជូនក្រុមជម្រើសជាតិរបស់ខ្លួន ៨រូបទៅចូលរួមប្រកួតកីឡាប៉េតង់ជើងឯកពិភពលោក ឆ្នាំ២០២១ (The 2021 World Triplets and Preeision Shooting Championships) នៅប្រទេសអេស្ប៉ាញ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២១ ខែវិច្ឆិកាខាងមុខ។

បេសកកម្មរយៈពេល ១០ថ្ងៃលើទឹកដីអឺរ៉ុបនេះ គឺមានកីឡាករ ៤រូប រួមមានអតីតម្ចាស់មេដាយមាសពិភពលោក ឆ្នាំ២០១៦ សុខ ចាន់មាន, ថោង ឈឿន, ញ៉ែម បូរ៉ា និង ស៊ឹង វង់។ រីឯកីឡាការិនីមាន ៤រូប គឺមានម្ចាស់មេដាយមាសពិភពលោក ឆ្នាំ២០១៧ អ៊ុក ស្រីមុំ, អ៊ុនស្រីយ៉ា, ស្រ៊ាង សុរ៉ាឃីម និងកីឡាការិនី ឃួន យ៉ារី ក្រោមការដឹកនាំរបស់លោក សុខ សុខសប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។

ថ្លែងក្នុងការប្រកួតផ្ទៃក្នុងតាមជំនាញរបស់ក្រុមជម្រើសជាតិកាលពីថ្មីៗ លោក ប៊ូ ជុំសេរី អនុប្រធានសហព័ន្ធបានជំរុញឲ្យកីឡាករ-កីឡាការិនីទាំងអស់ ត្រូវខំប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីប្រកួតប្រជែងដណ្ដើមមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍ពិភពលោកនេះ ក្នុងនាមកម្ពុជា ត្រូវបានចាត់ទុកជាប្រទេសមហាអំណាចលើវិស័យកីឡាប៉េតង់ពិភពលោក បន្ទាប់ពីកម្ពុជា ដណ្ដើមបានមេដាយមាសមាស ប្រាក់ និងសំរឹទ្ធជាបន្ដបន្ទាប់។

លើសពីនេះ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាដដែលបានជំរុញ និងលើកទឹកចិត្តជាពិសេស ដល់ក្រុមកីឡាការិនី ត្រូវយកគំរូតាមវីរៈកីឡាការិនី កែ ឡេង ដែលជាអតីតកីឡាការិនីប៉េតង់ឆ្នើមរបស់កម្ពុជា និងពិភពលោក ដែលធ្លាប់ដណ្ដើមបានមេដាយមាសជើងឯកពិភពលោក ៤សម័យជាប់ៗគ្នា មុនលោកស្រីប្រកាសចូលនិវត្តន៍ពីអាជីពកីឡាការិនីកាលពីថ្មីៗកន្លងទៅទៀតផង។

គួរដឹងថា ការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកឆ្នាំនេះ គឺមានការប្រកួត ៣ព្រឹត្តិការណ៍ផ្សេងគ្នា រួមមានជើងឯកពិភពលោកផ្នែកនារី នឹងប្រកួតពីថ្ងៃទី១២-១៤ ខែវិច្ឆិកា។ ជើងឯកពិភពលោកផ្នែកយុវជន នឹងប្រកួតពីថ្ងៃទី១២-១៤ ខែវិច្ឆិកា និងការប្រកួតជើងឯកពិភពលោកផ្នែកបុរស នឹងប្រកួតពីថ្ងៃទី១៩-២១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុង Santa Susanna នៅប្រទេសអេស្ប៉ាញ។ ប៉ុន្ដែកម្ពុជា ពុំបានបញ្ជូនក្រុមយុវជនទៅចូលរួមប្រកួតនោះទេ៕