(សៀមរាប)៖ ប្រជាពលរដ្ឋភាគច្រើនច្បាស់ជាបានស្គាល់ប្រាសាទបន្ទាយស្រី នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ប៉ុន្តែក្រៅពីប្រាសាទបន្ទាយស្រីនៅស្រុកបន្ទាយស្រីនេះ ក៏នៅមានប្រាសាទបន្ទាយស្រីមួយទៀតស្ថិតនៅស្រុកសូទ្រនិគម ទឹកដីខេត្តសៀមរាបដូចគ្នា ដែលប្រាសាទនេះគេហៅ «ប្រាសាទបន្ទាយស្រីដំដែក»។
ប្រាសាទបន្ទាយស្រីដំដែក មានទីតាំងស្ថិតនៅភូមិបន្ទាយស្រី ឃុំដំដែក ស្រុកសូទ្រនិគម (ក្នុងបរិវេណវត្ដប្រាសាទបន្ទាយស្រី) និងមានចម្ងាយប្រមាណ៣៤គីឡូម៉ែត្រ ភាគខាងកើតនៃទីរួមខេត្ដសៀមរាប
ប្រាសាទបន្ទាយស្រីដំដែកនេះ ជាសំណង់ប្រាង្គទោល បែរមុខទៅទិសខាងកើត និងមានហោត្រៃ ឬបណ្ណាល័យចំនួន២បែរមុខទៅទិសខាងលិច ដែលបច្ចុប្បន្នរលំបាក់បែកអស់ហើយ។ សម្ភារសំណង់មានថ្មភក់ ថ្មបាយក្រៀម និងឥដ្ឋតាន់ ហើយមានភាពទ្រុឌទ្រោមខ្លាំង បណ្ដាលមកពីធម្មជាតិ និងមនុស្សជីកកកាយរកវត្ថុបុរាណ និងការបោះបង់ចោលមិនមានថែរក្សាឱ្យបានដិតដល់ជាយូរមកហើយ។ ប្លង់ប្រាង្គកណ្ដាលមានរាងការ៉េ មានទ្វារចូលបួនទិស និងរានហាលរាងកាកបាទសង់នៅលើខឿនពីរជាន់ និងមានកំពែងព័ទ្ធជុំវិញបីជាន់។
ពុំមានសិលាចារឹកប្រាប់អំពីកាលបរិច្ឆេទ និងព័ត៌មានអ្វីទាំងអស់ ប៉ុន្តែបើតាមការប្រៀបធៀបលើសំណង់ស្ថាបត្យកម្ម និងរចនាសម្ពន្ធប្រាសាទ ប្រាសាទនេះមានលក្ខណៈដូចប្រាសាទតាកែវ ប្រាសាទភិមានអាកាស ប្រាសាទភ្នំជីសូរ ប្រាសាទឯកភ្នំ ដែលជាសំណង់សាងឡើងនៅសតវត្សទី១១ ក្នុងរចនាប័ទ្មឃ្លាំង ពោលគឺក្នុងរាជ្យព្រះបាទសូរ្យវម៌្មទី១ ដោយសម្អាងលើរចនាសម្ពន្ធមួយចំនួន ដូចជាហោជាង ផ្ដែរ ទ្វារ សសរពេជ្រ សសរផ្អោប និងបដិមាសាស្ដ្រជាដើម។
ប្រាសាទបន្ទាយស្រីដំដែកស្ថិតនៅក្រោមការគ្រប់គ្រង និងទទួលខុសត្រូវរបស់នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ នៃអាជ្ញាធរអប្សរា។ ក្រុមអ្នកជំនាញនៃនាយកដ្ឋាននេះបានបញ្ចប់ការទល់ទ្រ ដើម្បីបានជួយសង្ក្រោះប្រាសាទបន្ទាយស្រីដំដែកដោយជោគជ័យ បន្ទាប់ពីបានប្រឹងប្រែងលើការងារអស់រយៈពេលជាង៣ខែមកនេះ។
មន្ត្រីទទួលបន្ទុកការងារការដ្ឋាន លោក ពុទ្ធ សុទ្ធ បានឱ្យដឹងថា ការទល់ទ្រនេះ គឺក្នុងគោលបំណងជួយពង្រឹងសង្រ្គោះប្រាសាទឱ្យជៀសផុតពីហានិភ័យ។ បច្ចុប្បន្ន ប្រាសាទបន្ទាយស្រីដំដែកមានសភាពទ្រុឌទ្រោមខ្លាំងនៅប្រាង្គកណ្តាលនៅត្រង់ស៊ុមទ្វារ ស៊ុមបង្អួចដែលមានស្នាមប្រេះបែកបាក់។ ប្រសិនបើពុំមានការជួយទល់ទ្រសង្គ្រោះឱ្យបានទាន់ពេលទេ នោះចំណុចទាំងនោះនឹងប្រឈមបញ្ហា។
លោកបានបន្តថា ចំពោះដំណើរការទល់ទ្រប្រាសាទបន្ទាយស្រីដំដែក បានចាប់ផ្ដើមតាំងពីអំឡុងចុងខែសីហា ឆ្នាំ២០២១ ហើយទើបតែបញ្ចប់កាលពីចុងខែតុលា ឆ្នាំ២០២១ ថ្មីៗនេះ៕