(ក្រុងឡុងដ៍)៖ ក្លិបបាល់ទាត់សារិកាព្រៃ Newcastle United បានសម្រេចតែងតាំងលោក Eddie Howe ជាអ្នកចាត់ការទូទៅថ្មីជាផ្លូវការហើយ ក្រោមកិច្ចសន្យារហូតដល់ឆ្នាំ២០២៤ ដើម្បីជំនួសកៅអីលោក Steve Bruce ដែលបានលាឈប់មានរយៈពេល ៩ថ្ងៃមកហើយនោះ។

បុរសវ័យ ៤៣ឆ្នាំសញ្ជាតិអង់គ្លេស ដែលបានកើតនៅទីក្រុង Amsterdam ប្រទេសហូឡង់នោះ បានអត់ការងារធ្វើតាំងពីចាកចេញពីក្លិប AFC Bournemouth នាខែសីហា ឆ្នាំ២០២០ ពោលគឺក្រោយពេលក្លិបនេះធ្លាក់ទៅលេងក្របខណ្ឌទី២ Championship វិញ។

លោក Howe បានថ្លែងប្រាប់ BBC ក្រោយពេលចុះកិច្ចសន្យាថា «នេះគឺជាឱកាសដ៏អស្ចារ្យមួយ ក៏ប៉ុន្តែមានរឿងដែលពួកយើងត្រូវធ្វើនៅទីនេះ»

លើសពីនេះទៀត លោក Howe ត្រូវធ្វើការងារធ្ងន់ដោយត្រូវសង្រ្គោះក្លិបដែលកំពុងលិចលង់ក្នុងលេខរៀងទី១៩ នៅ Premier League ផងដែរ ដាច់ ៥ពិន្ទុពីតំបន់សុវត្ថិភាពក្រោយពេលឆ្លងកាត់បាន ១១ប្រកួតមកនេះ ដ្បិតរូបលោកក៏បានទស្សនាការប្រកួតពេល Newcastle United លេងស្មើទល់នឹងម្ចាស់ផ្ទះ Brighton ១-១ កាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុន៕