(ប្រាក)៖ គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិឆេក លោក Jaroslav Silhavy នឹងអវត្តមានពីការដឹកនាំប្រកួតជម្រុះ World Cup 2022 លើកចុងក្រោយរបស់ពួកគេ ក្នុងការធ្វើជាម្ចាស់ផ្ទះស្វាគមន៍ក្រុមភ្ញៀវអេស្តូនី នៅថ្ងៃទី១៦ ខែវិច្ឆិកាខាងមុខ បន្ទាប់ពីធ្វើតេស្តឃើញលទ្ធផលវិជ្ជមាន COVID-19។ នេះបើតាមការបញ្ជាក់ពីសមាគមបាល់ទាត់ឆេក ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១។

សមាគមខាងលើបានបន្ថែមថា ជំនួយការរបស់លោក Silhavy គឺលោក Jiri Chytry នឹងទទួលដឹកនាំជំនួសភារកិច្ចដ៏សំខាន់នេះជាបណ្តោះអាសន្នវិញ។

ឆេកមាន ១១ពិន្ទុជាមួយវែលក្នុងពូល E ប៉ុន្តែឈរនៅលំដាប់ទី២ តាមពីក្រោយក្រុមបែលហ្សិក ដែលមាន ១៦ពិន្ទុ ច្រើនជាងគេ។

ក្រុមកំពូលតារាងមានសិទ្ធិឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រនាប្រទេសកាតាឆ្នាំក្រោយ ខណៈក្រុមចំណាត់ថ្នាក់លេខ២ ឡើងទៅប្រកួតសម្រេចលទ្ធផល (Playoff) ក្នុងជុំទី២ ជាបន្តទៀត៕