(បាសេឡូណា)៖ ក្លិបបាល់ទាត់អាជីព FC Barcelona បានបង្ហាញមុខលោក Xavi Hernandez ជាគ្រូបង្គោលថ្មីរបស់ពួកគេ នៅចំពោះមុខមនុស្សរាប់ពាន់នាក់ នៅពហុកីឡដ្ឋាន Camp Nou នាថ្ងៃចន្ទ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១។

អតីតកីឡាករឆ្នើមក្លិប Barca វ័យ ៤១ឆ្នាំរូបនេះ បានចុះហត្ថលេខាលើកិច្ចសន្យារបស់លោក ដែលនឹងដឹកនាំក្លិបរហូតដល់ឆ្នាំ២០២៤ នៅលើទីលានជាមួយនឹងប្រធានក្លិប លោក Joan Laporta ផងដែរ។

លោក Xavi បានប្រាប់អ្នកគាំទ្រថា «នេះគឺជាក្លិបដ៏ធំជាងគេបំផុតក្នុងពិភពលោក ហើយខ្ញុំនឹងប្រឹងប្រែងធ្វើការ ដើម្បីសម្រេចការរំពឹងទុករបស់អ្នក។ Barcelona មិនអាចទទួលយកបាននូវលទ្ធផលស្មើ ឬចាញ់នោះទេ។ យើងត្រូវតែឈ្នះគ្រប់ការប្រកួត»

លោក Xavi បានចូលរួមជាមួយក្លិប Barca បន្ទាប់ពីក្លិបបានចំណាយប្រាក់ដោះស្រាយលើកិច្ចសន្យាជាមួយក្លិបកាតា Al-Sadd។ លោកបានជំនួសតំណែងលោក Ronald Koeman ដែលត្រូវបានបណ្តេញចេញពីតំណែង ក៏ព្រោះដឹកនាំមិនបានល្អសោះ។

ក្លិប Barca ដែលកំពុងជួបការលំបាកនោះ កំពុងស្ថិតនៅលេខរៀងទី៩ ក្នុងលីគ La Liga មាន ១១ពិន្ទុ ឈរនៅឆ្ងាយពីក្រុមកំពូលតារាង Real Sociedad និង ១០ពិន្ទុតាមពីក្រោយគូប្រជែង Real Madrid ទៀតផង៕