(ឡុងដ៍)៖ ក្លិបបាល់ទាត់ Manchester United, Tottenham Hotspur, Manchester City, Chelsea និងក្លិប Cardiff City បានទទួលការអនុម័ត ឲ្យមានអាជ្ញាបណ្ណកន្លែងអ្នកគាំទ្រឈរទស្សនា ប្រកបដោយសុវត្ថិភាពចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ខាងមុខ។ នេះបើតាមការឲ្យដឹងពីរដ្ឋមន្ត្រីកីឡាអង់គ្លេស លោក Nigel Huddleston ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១។

រដ្ឋាភិបាលអង់គ្លេសបានណែនាំឲ្យអាជ្ញាធរសុវត្ថិភាពទីលានកីឡា (SGSA) កាលពីខែកញ្ញា ដើម្បីសាកល្បងកន្លែងឈរទស្សនានៅទីលានប្រកួតលីគ Premier League និង Championships ដែលត្រូវបានជ្រើសរើស ដើម្បីចាប់ផ្តើមជំហានដំបូងក្នុងការបង្កើតតំបន់ឈរទស្សនា ដែលមានអាជ្ញាបណ្ណ។

គួររំលឹកថា ទីលានប្រកួតនៅលីគកំពូលអង់គ្លេស ត្រូវបានបំប្លែងទៅជាកីឡដ្ឋានដែលមានកៅអីអង្គុយជិត ៣០ឆ្នាំមុន បន្ទាប់ពីអ្នកគាំទ្រក្លិប Liverpool បានប៉ះទង្គិចគ្នានៅតំបន់ដែលមានមនុស្សច្រើនកុះករ និងហ៊ុមព័ទ្ធដោយរបងនៅកីឡដ្ឋាន Hillsborough ក្នុងឆ្នាំ១៩៨៩ ដែលបានបណ្តាលឲ្យមនុស្សចំនួន ៩៧នាក់ស្លាប់៕