(អាមេរិក)៖ ក្រុមហ៊ុន Apple បានជួបបញ្ហាធំក្នុងការចែកចាយ iPhone 13 ដោយសារតែក្រុមហ៊ុនផ្គត់ផ្គង់មិនអាចផលិតទៅតាមតម្រូវការបានក៏ព្រោះតែបញ្ហាកង្វះខាតបន្ទះឈីបជាសកលបានធ្វើឱ្យរោងចក្រមួយចំនួនត្រូវបានជាប់គាំងនូវសង្វាក់ផលិតកម្ម និងរោងចក្រមួយចំនួន ទៀតអាចដំណើរការបានប៉ុន្តែមានភាពយឺតយ៉ាវ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា iPhone 13 ត្រូវបាន Apple ចែកចាយអស់ពីស្ដុក ហើយសម្រាប់ស្ដុកថ្មីអាចនឹងបន្តអូសបន្លាយពេលរហូតដល់ខែកុម្ភៈ ឆ្នាំ២០២២ ទើបមានវិញ ខណៈតម្រូវការនៅតែបន្ត កើនឡើន។

ក្រុមហ៊ុន Apple បានត្រៀមដៃគូសហការ និងក្រុមហ៊ុនផ្គត់ផ្គង់ថ្មីសម្រាប់ផលិត iPhone 13 ដើម្បីឱ្យទាន់តម្រូវការប៉ុន្តែវានៅតែមានភាព យឺតយ៉ាវដោយសារតែវិបត្តិកង្វះខាតឈីបជាសកល ដែលនាំឱ្យស្ទះដល់សង្វាក់ផលិតកម្មស្ទើតែអស់។

ថ្មីៗនេះមានព័ត៌មានចចាមអារ៉ាមបានចេញផ្សាយថា ក្រុមហ៊ុន Apple បានកាត់បន្ថយសង្វាក់ផលិតកម្ម iPad រហូតដល់ ៥០ភាគរយ ដើម្បី សន្សំគ្រឿងបង្គុំសម្រាប់ផលិត iPhone 12 និង 13 ព្រោះអីស្មាតហ្វូនទាំងពីរនេះគឺមានតម្រូវការទីផ្សារខ្ពស់ជាង iPad ជាពិសេសគឺ iPhone 13។

គួរបញ្ជាក់ផងដែរថា លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple បាននិយាយថា ដោយសារតែបញ្ហាកង្វះខាតបន្ទះឈីបជាសកលនេះ បានធ្វើឱ្យក្រុមហ៊ុន Apple បានខាត់ប្រាក់រហូតដល់ ៦ពាន់លានដុល្លារនៅក្នុងត្រីមាសទី៣ ហើយលោកសង្ឃឹមថា នៅត្រីមាសចុងឆ្នាំនឹងល្អប្រសើរឡើងវិញ ប៉ុន្តែមើលទៅ ប្រហែលជាត្រូវអូសបន្លាយពេលរហូតដល់ដើមឆ្នាំ២០២២៕