(អាមេរិក)៖ Alphabet ដែលជាក្រុមហ៊ុនធំរបស់ក្រុមហ៊ុន Google នៅពេលនេះបានកើនតម្លៃមូលធន ទីផ្សារ (តម្លៃក្រុមហ៊ុននៅលើទីផ្សារ) រហូតដល់ ២ពាន់់ពាន់លានដុល្លារ ដែលតម្លៃនេះបានកើនឡើងទ្វេដងក្នុងរយៈពេល១ឆ្នាំចុងក្រោយ និងបានក្លាយជា ក្រុមហ៊ុនមួយដែលមាន តម្លៃដូចគ្នាទៅនឹង Microsoft និង Apple។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Yahoo នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា គិតត្រឹមថ្ងៃចន្ទម្សិលមិញនេះតម្លៃមូលធន ទីផ្សារ របស់ក្រុមហ៊ុន Alphabet បានស្ទុះឡើងមកដល់ ២ពាន់ពាន់លានដុល្លារភ្លាមៗ ខណៈដែល កាលពីខែមករា ឆ្នាំ២០២០ មានតម្លៃត្រឹមតែ ១ពាន់ពាន់លានដុល្លារប៉ុណ្ណោះ។

នៅពេលនេះ ក្រុមហ៊ុន Alphabet ឬ Google បានក្លាយជាក្រុមហ៊ុនអាមេរិកទី៣ ដែលមានតម្លៃ ២ពាន់ពាន់លានដុល្លារ ខណៈដែល Apple និង Microsoft កំពុងឈរនៅលេខរៀងទី១ និង២។ យោងតាមរបាយការណ៍ស្រាវជ្រាវរបស់ eMarketer បានបញ្ជាក់ឱ្យដឹងថា តម្លៃមូលធន ទីផ្សាររបស់ Google បានកើនឡើងចាប់តាំងពីខែឧសភា ឆ្នាំ២០២១ ដោយសារតែក្រុមហ៊ុនទទួលបានប្រាក់ចំណូលពីការផ្សព្វផ្សាយពាណិជ្ជកម្មបានរហូតដល់ ២៧,៥ភាគរយនៃប្រាក់ចំណូលសរុបនៅជុំវិញពិភពលោក និងបានយកឈ្នះ Facebook ជាក្រុមហ៊ុនដែលមានប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មច្រើនជាងគេ។

យោងតាមការបញ្ជាក់ពីប្រភពខាងលើបានឱ្យដឹងថា ប្រព័ន្ធដំណើរការ Android និង YouTube ក៏បានរួមចំណែកក្នុងការជំរុញតម្លៃ មូលធន ទីផ្សាររបស់ Google ឱ្យកើនឡើងដល់កម្រិតនេះផងដែរ ជាពិសេសគឺ YouTube ដោយថ្មីៗនេះបានរកចំណូលឱ្យក្រុមហ៊ុន Google ក្នុងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់៕