(ឡុងដ៏)៖ កីឡាករខ្សែប្រយុទ្ធថ្មី Emile Smith Rowe ត្រូវបានអង់គ្លេស ដែលមានលោក Gareth Southgate កោះហៅជាលើកដំបូងចូលក្រុមជម្រើសប្រកួតវគ្គជម្រុះ FIFA World Cup 2022 ដែលត្រូវប៉ះក្រុមអាល់បានី និងសាំងម៉ារ៉ាំង ខណៈខ្សែបម្រើ Manchester United សញ្ជាតិបារាំង Paul Pogba ត្រូវខកខានដោយសាររបួសភ្លៅ។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១។

នេះជាលើកទី១ របស់ខ្សែប្រយុទ្ធវ័យ ២១ឆ្នាំ Smith Rowe ដែលត្រូវបានកោះហៅចូលក្រុមឈុតធំ (តោកំណាច) បន្ទាប់ពីបានធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំងពេលបង្ហាញទម្រង់លេងនៅក្លិបកាំភ្លើងធំ Arsenal យ៉ាងល្អ ដោយរកបានគ្រាប់ស៊ុតបញ្ចូលទី ៣លើកចុងក្រោយនេះនៅលីគ Premier League ដែលរូបគេត្រូវបានជម្រើសចេញពីឈុតយុវជន U21។

តោកំណាចអង់គ្លេស ត្រូវប៉ះក្រុមអាល់បានីនៅថ្ងៃសៅរ៍ ទី១៣ ខែវិច្ឆិកាចុងសប្តាហ៍នេះ នាកីឡដ្ឋាន Wembley ហើយត្រូវបញ្ចប់វគ្គជម្រុះ World Cup 2022 តំបន់អឺរ៉ុប ជាមួយក្រុមសាំងម៉ារ៉ាំង នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយក្រុមលោក Gareth Southgate ត្រូវការតែ ៤ពិន្ទុទៀតប៉ុណ្ណោះ ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រនៅប្រទេសកាតា ឆ្នាំ២០២២។

គ្រានោះដែរ កីឡាករខ្សែបម្រើ Pogba វ័យ ២៨ឆ្នាំដែលឈ្នះពាន World Cup 2018 ត្រូវបានសហព័ន្ធបាល់ទាត់បារាំង (FFF) បង្ហាញថា បានជួបបញ្ហារបួសភ្លៅ អំឡុងពេលហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ដោយត្រូវអវត្តមានការប៉ះជាមួយក្រុមកាហ្សាក់ស្ថាន និងក្រុមហ្វាំងឡង់ នៅថ្ងៃទី១៤-១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលបច្ចុប្បន្នក្រុមការពារតំណែងជើងឯកដែលដឹកនាំដោយលោក Didier Deschamps កំពុងរកបាន ១២ពិន្ទុក្នុងពូល D៕