(ភ្នំពេញ)៖ ក្រុមកីឡាអេឡិចត្រូនិក Newblood បានក្លាយជាក្រុមតំណាងកម្ពុជា ដើម្បីចូលរួមប្រកួតកីឡាអេឡិចត្រូនិកជើងឯកអាស៊ីអាគ្នេយ៍ SEAEF Dota 2 Championship 2021 ចាប់ពីថ្ងៃទី១៦-២០ ខែវិច្ឆិកាខាងមុខ បន្ទាប់ពីពួកគេដណ្ដើមបានជើងឯក Dota-2 ថ្នាក់ជាតិ ឆ្នាំ២០២១ ដែលទើបបញ្ចប់ការប្រកួត កាលពីល្ងាចថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១។

ការប្រកួតវិញ្ញាសា Dota-2 ថ្នាក់ជាតិនេះ រៀបចំឡើង ក្នុងគោលបំណងចម្រាញ់រកបេក្ខភាពតំណាងកម្ពុជា ចូលរួមព្រឹត្តិការណ៍ថ្នាក់តំបន់ខាងលើ ដោយមានបេក្ខភាព ១៤ក្រុមចូលរួម ជាមួយការប្រកួតរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៦-០៨ ខែវិច្ឆិកា។ ជាលទ្ធផលក្រុមខ្លាំង Newblood បានយកឈ្នះក្រុម Yeaksa ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដោយលទ្ធផល ៣-០ ដាច់ ដើម្បីគ្រងតំណែងជើងឯក និងទទួលបានកៅអីចូលរួមប្រកួតជើងឯកអាស៊ាន។

លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានឲ្យដឹងថា ការប្រកួតកីឡាអេឡិចត្រូនិកវិញ្ញាសា Dota-2 ជើងឯកអាស៊ាន ដែលគ្រោងប្រកួតរយៈពេល ៥ថ្ងៃ នាសប្ដាហ៍ក្រោយ មាន ១០ក្រុមមកពីបណ្ដាប្រទេសអាស៊ានចូលរួម (លើកលែងប្រទេសទីម័រខាងកើត) ពោលគឺមានកម្ពុជា ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី វៀតណាម សិង្ហបុរី ឥណ្ឌូណេស៊ី ហ្វីលីពីន ឡាវ និងព្រុយណេ។ រីឯការប្រកួតនឹងធ្វើតាមអនឡាញ ដោយមានប្រាក់រង្វាន់សរុប ៣៥,០០០ដុល្លារ។

នេះជាលើកដំបូងហើយ ដែលសហព័ន្ធកីឡាអេឡិចត្រូនិកអាស៊ីអាគ្នេយ៍ បានរៀបចំការប្រកួតជាផ្លូវការ បន្ទាប់ពីសហព័ន្ធត្រូវបានបង្កើតឡើង ដោយមានការទទួលស្គាល់ពីសហព័ន្ធកីឡាអាស៊ី និងពិភពលោក កាលពីពេលកន្លងទៅ៕