(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ លើកទី១៥ ឆ្នាំ២០២១ នឹងចាប់ផ្ដើមការប្រកួតវគ្គជម្រុះ ១៦ក្រុមចុងក្រោយនារសៀលថ្ងៃទី០៩ ខែវិច្ឆិកានេះហើយ ជាមួយរូបមន្ដថ្មីចាញ់ធ្លាក់ ខណៈក្រុមការពារតំណែងជើងឯកវិសាខា ភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង គឺមានភាគរយខ្ពស់ក្នុងការបន្ដដំណើរឡើងទៅវគ្គ ៨ក្រុមចុងក្រោយ ដ្បិតក្រុមនីមួយៗសុទ្ធតែត្រូវជួបក្រុមថ្នាក់ខេត្ត។

សម្រាប់វិសាខា នឹងត្រូវជួបក្រុមលេខ៣ នៃពានថ្នាក់ខេត្ត គឺខេត្តបន្ទាយមានជ័យនាម៉ោង ៣រសៀល នៅកីឡដ្ឋានព្រីនស៍។ រីឯក្រុមភ្នំពេញក្រោន ត្រូវជួបក្រុមជើងឯករងពានថ្នាក់ខេត្ត ក្រុមបាល់ទាត់ខេត្តត្បូងឃ្មុំ នៅកីឡដ្ឋាន Smart RSN នាម៉ោង ៦ល្ងាច ខណៈនៅម៉ោងដំណាលគ្នា ក្រុមព្រះខ័នរាជស្វាយរៀង ត្រូវបើកទ្វារផ្ទះទទួលក្រុមជើងឯកពានថ្នាក់ខេត្ត ឆ្នាំ២០២១ ក្រុមកោះកុងអេហ្វស៊ី នៅកីឡដ្ឋានខេត្តស្វាយរៀង។

ក្នុងចំណោម ៣ប្រកួតខាងលើ ត្រូវបានគេមើលឃើញថា ក្រុមវិសាខា ភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង មានប្រៀបជាងក្នុងការប្រជែងកៅអីវគ្គ ៨ក្រុមចុងក្រោយ។ តែយ៉ាងណាមិញ គេក៏ពុំមើលរំលងក្រុមកោះកុងអេហ្វស៊ីដែរ ព្រោះជាក្រុមថ្នាក់ខេត្តមួយ ដែលមានធនធានកីឡាករ និងគ្រូបង្វឹកមានបទពិសោធន៍។ ហេតុនេះ ព្រះខ័នរាជស្វាយរៀង ក៏ទំនងមិនងាយស្រួលយកឈ្នះដែរ ទោះបីពួកគេមានប្រៀបជាងក៏ដោយ។

ដោយឡែកការប្រកួត ១គូទៀតនាវេលាម៉ោង ៣រសៀលនេះ គឺអតីតក្រុមជើងឯកឆ្នាំ២០១៣ ណាហ្គាវើលដ៏ ត្រូវជួបអតីតក្រុមជើងឯកឆ្នាំ២០១៤ នគរបាលជាតិ នៅកីឡដ្ឋានស្ដាតចាស់។ នេះគឺជាគូជក់ចិត្ត ទោះបីនគរបាលជាតិ ធ្វើពុំបានល្អក្នុងលីគ តែការប្រកួតពានសម្ដេចតេជោ-ថ្នាក់ជាតិនេះ គេជឿថា នឹងមានការប្រកួតប្រជែងខ្លាំង។ រីឯក្រុមជើងឯករងឆ្នាំចាស់ ណាហ្គាវើលដ៏ ក៏ត្រៀមខ្លួនបានយ៉ាងល្អសម្រាប់ការប្រកួតនេះដែរ។

គួរដឹងថា ពានរង្វាន់ Hun Sen Cup ថ្នាក់ជាតិឆ្នាំនេះ ត្រូវបាន CNCC ធ្វើការកែប្រែប្រព័ន្ធលេងថ្មី ដោយវគ្គ ១៦ក្រុម និងវគ្គ ៨ក្រុមត្រូវលេងតែ ១ជើងប៉ុណ្ណោះ ព្រោះវិបត្តិកូវីដ-១៩។ រីឯកម្មវិធីវគ្គ ១៦ក្រុមចំនួន ៤គូទៀត នឹងប្រកួតថ្ងៃស្អែក រួមមានក្រុមបឹងកេត ជួបក្រុមសូលទីឡូអង្គរ, ក្រុមអង្គរថាយហ្គឺរ ជួបខេត្តព្រៃវែង, ក្រុមកងយោធពលខេមរភូមិន្ទ ជួបក្រុមអគ្គិសនីកម្ពុជា និងក្រុមគិរីវង់សុខសែនជ័យ ជួបក្រុមអាស៊ីអឺរ៉ុបយូណាយធីត៕