(អាមេរិក)៖ ពិភពហូលីវូដ កំពុងតែពិចារណាពីការធានាសុវត្ថិភាព អំឡុងពេលថតភាពយន្ត ក្រោយមានហេតុការណ៍រាលកៃកាំភ្លើងពេលថត បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់។ ទន្ទឹមគ្នានេះ តារាសម្តែង Alec Baldwin ដែលគេស្គាល់ថា ជាអ្នកកាន់កាំភ្លើងពិតពេលថត និងឈានដល់មានហេតុការណ៍រាលកៃ រហូតធ្វើឲ្យអ្នកថតម្នាក់ស្លាប់នោះ បាននិយាយថា ការផលិតភាពយន្ត គួរតែមានប៉ូលីសជំនាញ ដើម្បីធ្វើការត្រួតពិនិត្យអាវុធនានា ដែលត្រូវបានដាក់បញ្ចូលក្នុងភាពយន្ត។

យោងតាមការចេញផ្សាយ ដោយសរព័ត៌មាន Straits Times នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែតុលា កន្លងទៅ តារាសម្តែងអាមេរិក លោក Alec Baldwin បានបង្កឧប្បត្តិហេតុមួយ អំឡុងពេលថតរឿង «Rust» នៅ New Mexico បង្ករឡើងដោយការរាលកៃកាំភ្លើងពិត បណ្តាលឲ្យអ្នកកាន់កាមេរ៉ាឈ្មោះ Halyna Hutchins (ហាលីណា ហាត់ឈីន) បានបាត់បង់ជីវិត ពេលដែលកាំភ្លើងរបស់តួអង្គសម្ដែងម្នាក់នេះ បានបាញ់ចេញគ្រាប់ពិត ហើយហេតុការណ៍នេះនាំឲ្យកើតមានជាការព្រួយបារម្ភ អំពីការប្រើប្រាស់កាំភ្លើងពិតក្នុងពេលថត។

តាមរយៈការបង្ហោះសារ នៅលើបណ្តាញសង្គម Twitter របស់ខ្លួននៅថ្ងៃសប្តាហ៍នេះ លោក Baldwin បាននិយាយថា គ្រប់ការផលិតភាពយន្ត និងកម្មវិធីទូរទស្សន៍នានា ដោយមានឈុតឆាកប្រើប្រាស់កាំភ្លើង ទោះជាពិតឬមិនពិតក៏ដោយ គួរតែមានប៉ូលីសជំនាញ ដើម្បីត្រួតពិនិត្យ ក្នុងការធានាសុវត្ថិភាព»។ យ៉ាងណាមិញ ពាក់ព័ន្ធហេតុការកន្លងទៅ ដែលបណ្តាលឲ្យមនុស្សស្លាប់ម្នាក់នោះ លោក Alec Baldwin នៅមិនទាន់មានការចោទប្រកាន់ណាមួយឡើយ ខណៈប្រតិបត្តិការស៉ើបអង្កេត កំពុងតែធ្វើយ៉ាងសកម្មភាព ជុំវិញបញ្ហានេះ។

ងាកមកតារាសម្តែងល្បី The Rock វិញធ្លាប់បាននិយាយកាលពីសប្តាហ៍មុន អំឡុងពេលចូលរួមការសម្ពោធភាពយន្តថ្មីរបស់ខ្លួន ដែលមានចំណងជើងថា "Red Notice" (រ៉េដ នូតធីស) ថា ភាពយន្តដែលផលិតឡើង ដោយផលិតកម្មរបស់លោក នឹងមិនប្រើប្រាស់កាំភ្លើងពិតទៀតនោះទេ។ តារាសម្ដែងសាច់ដុំអតីតកីឡាកាសរូបនេះ បានបញ្ជាក់ថា រាល់ភាពយន្តទាំងអស់ផលិត ដោយផលិតកម្មរបស់លោក នឹងប្រើប្រាស់កាំភ្លើងជ័រជំនួសវិញ ដើម្បីបញ្ចៀសនូវឧបទ្ទវហេតុផ្សេងៗ៕