(ភ្នំពេញ)៖ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ លើកទី១៥ ឆ្នាំ២០២១ បានរកឃើញបេក្ខភាព ៤ក្រុមបណ្ដោះអាសន្ន ឡើងវគ្គ ៨ក្រុមចុងក្រោយ ឬវគ្គ ១/៤ ផ្ដាច់ព្រ័ត្រហើយ រួមមានក្រុមការពារតំណែងជើងឯកវិសាខា ភ្នំពេញក្រោន និងក្រុមព្រះខ័នរាជស្វាយរៀង ដែលបានយកឈ្នះក្រុមថ្នាក់ខេត្តដោយងាយ ស្របពេលក្រុមណាហ្គាវើលដ៏ បានទម្លាក់ក្រុមនគរបាលជាតិ ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ។

ចំពោះក្រុមវិសាខា បានលត់ក្រុមលេខ៣ នៃពានថ្នាក់ខេត្ត គឺខេត្តបន្ទាយមានជ័យ ដោយលទ្ធផល ៨-០ នៅកីឡដ្ឋានព្រីនស៍ ។ ឯក្រុមភ្នំពេញក្រោន បានយកឈ្នះក្រុមជើងឯករងថ្នាក់ខេត្ត គឺខេត្តត្បូងឃ្មុំ ៧-០ នៅកីឡដ្ឋាន Smart RSN ។ ចំណែកក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមជើងឯកពានសម្ដេចតេជោ-ថ្នាក់ខេត្ត ឆ្នាំ២០២១ ក្រុមកោះកុងអេហ្វស៊ី ដោយលទ្ធផល ៦-១ នៅកីឡដ្ឋានខេត្តស្វាយរៀង នៅល្ងាចថ្ងៃទី០៩ ខែវិច្ឆិកានេះ ។

ដោយឡែកជំនួបរវាងក្រុមលីគកំពូលកម្ពុជា រវាងណាហ្គាវើលដ៏ និងនគរបាលជាតិវិញ បានឈានដល់ការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី បន្ទាប់ពីប្រកួត ៩០នាទីស្មើគ្នា ១-១ ។ ជំនួបដ៏តានតឹងនេះ វគ្គទី១ គ្មានគ្រាប់បាល់កើតឡើងនោះទេ មុនកីឡាករ សំ វ៉ាន់និត ទាត់បាល់ពីន័យ ១១ម៉ែត្រជួយក្រុមប៉ូលិស បើកការនាំមុខ ១គ្រាប់មុន នៅនាទី៥៦ ។ បន្ទាប់មក ឃឹម បូរី បានលោតតែតបញ្ចូលទីជួយឲ្យក្រុមណាហ្គាវើលដ៏តាមស្មើវិញ នៅនាទី៨៣ ។

ឈានដល់ការទាត់បាល់ ១១ម៉ែត្រកាត់សេចក្ដី ក្រុមទាំងពីរ បានទាត់ត្រឹម ៤លើកប៉ុណ្ណោះ ក៏រកឃើញក្រុមជ័យជម្នះ ពោលគឺក្រុមណាហ្គាវើលដ៏ បានយកឈ្នះក្រុមនគរបាលជាតិ ៤-២ បន្ទាប់ពីការទាត់ទាំង ៤លើករបស់ក្រុមជើងឯករងឆ្នាំចាស់ណាហ្គាវើលដ៏ចូលទាំង ៤គ្រាប់ ខណៈការទាត់ ៤លើករបស់ក្រុមលោក អ៊ុង កនយ៉ានិត ធ្វើសម្រេចបាន ២គ្រាប់ ហើយ ២គ្រាប់ទៀត ត្រូវបានជួយសង្គ្រោះដោយអ្នកចាំទី ស៊ូ យ៉ាទី ។

ជ័យជម្នះខាងលើ បានធ្វើឲ្យក្រុមទាំង ៤ ត្រូវឈរចាំគូប្រកួតនៅវគ្គ ១/៤ ផ្ដាច់ព្រ័ត្រ ខណៈ ៤ក្រុមផ្សេងទៀត ត្រូវរង់ចាំអ៊ុតលទ្ធផលការប្រកួតថ្ងៃនេះ រួមមានក្រុមបឹងកេត ប៉ះសូលទីឡូអង្គរ(ក្រុមឈ្នះ ឡើងជួបក្រុមណាហ្គាវើលដ៏) ។ ក្រុមអង្គរថាយហ្គឺរ ប៉ះខេត្តព្រៃវែង (ក្រុមឈ្នះ ឡើងជួបក្រុមព្រះខ័នរាជស្វាយរៀង) ។ ក្រុមកងយោធពលខេមរភូមិន្ទ ជួបក្រុមអគ្គិសនីកម្ពុជា (ក្រុមឈ្នះ ឡើងជួបក្រុមភ្នំពេញក្រោន) និងក្រុមគិរីវង់ ប៉ះអាស៊ីអឺរ៉ុប (ក្រុមឈ្នះ ឡើងជួបក្រុមវិសាខា) ៕