(ប៊ែកឡាំង)៖ កីឡាករបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ចំនួន ៥នាក់ត្រូវបានស្នើសុំឲ្យធ្វើចត្តាឡីស័ក បន្ទាប់ពីម្នាក់ក្នុងចំណោមពួកគេ រកឃើញវិជ្ជមានកូវីដ-១៩ មុនពេលការប្រកួតជម្រុះ World Cup ក្នុងសប្តាហ៍នេះ ដែលត្រូវប៉ះជាមួយក្រុមលិចតេនស្ទីន។ នេះបើតាមការឲ្យដឹងពីសមាគមបាល់ទាត់អាល្លឺម៉ង់ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។

សមាគម មិនបានបង្ហាញឈ្មោះកីឡាករទាំងនោះទេ ប៉ុន្តែបានឲ្យដឹងថា កីឡាករវិជ្ជមាននោះបានទទួលវ៉ាក់សាំងពេញលេញ និងមិនមានរោគសញ្ញានោះទេ។

កីឡាករ ៤នាក់ទៀតដែលធ្វើតេស្តលទ្ធផលអវិជ្ជមានកូវីដ-១៩ ប៉ុន្តែមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកវិជ្ជមាននោះ ក៏ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កផងដែរ។

អ្នកដឹកនាំក្រុមជម្រើសជាតិ លោក Oliver Bierhoff បានលើកឡើងថា «នេះគឺជាព័ត៌មានដ៏ជូរចត់ដែលបានកើតឡើងភ្លាមៗ មុនពេលប្រកួត ២លើកចុងក្រោយនៅក្នុងការប្រកួតជម្រុះ World Cup សម្រាប់ក្រុមគ្រូបង្វឹក ព្រមទាំងក្រុមទាំងមូល ប៉ុន្តែសុខភាព គឺជាអាទិ៍ភាព»។

ក្រុមអាល្លឺម៉ង់ នឹងធ្វើជាម្ចាស់ផ្ទះស្វាគមន៍ក្រុមលិចតេនស្ទីននៅថ្ងៃព្រហស្បតិ៍ មុនពេលធ្វើដំណើរទៅជួបក្រុមអាមេនី សម្រាប់ការប្រកួតជម្រុះចុងក្រោយ នៅថ្ងៃអាទិត្យរបស់ពួកគេ។

អាល្លឺម៉ង់ កំពុងនាំមុខគេនៅក្នុងពូល J ដោយមាន ២១ពិន្ទុ ពីការប្រកួតចំនួន ៨លើក និងនាំមុខ ៨ពិន្ទុផងពីក្រុមលំដាប់ទី២ រ៉ូមានី៕