(ឡុងដ៍)៖ ខ្សែការពារផ្នែកកណ្តាលរបស់ក្លិប West Ham United កីឡាករ Angelo Ogbonna បានរងរបួសសរសៃពួរសាច់ដុំខាងមុខ (ជង្គង់) នៅអំឡុងពេលប្រកួតលីគ Premier League ក្នុងលទ្ធផលឈ្នះ ៣-២ ទៅលើ Liverpool កាលពីចុងសប្តាហ៍កន្លងទៅនេះ។ នេះបើតាមការបញ្ជាក់ពីក្លិប ដែលមានមូលដ្ឋានៅភាគខាងកើតទីក្រុងឡុងដ៍ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។

West Ham បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ការថតស្កេននៅថ្ងៃចន្ទបានបង្ហាញថា មានរបួសធ្ងន់ធ្ងរនៅជង្គង់ខាងស្តាំរបស់កីឡាករ Ogbonna។ សេចក្តីថ្លែងការណ៍បន្ថែមថា កីឡាករអន្តរជាតិសញ្ជាតិអ៉ីតាលីរូបនេះ បានចាប់ផ្តើមជាសះស្បើយពីរបួសរបស់លោកវិញហើយ។

«ការថតស្កេនបានបង្ហាញថា មានការខូចខាតមួយចំនួនចំពោះសរសៃពួរសាច់ដុំខាងមុខ ហើយយើងបានចាប់ផ្តើមការស្តារនីតិសម្បទារបស់លោកភ្លាមៗ។ Angelo នឹងត្រូវជួបវេជ្ជបណ្ឌិតឯកទេសម្តងទៀតក្នុងសប្តាហ៍នេះ ហើយយើងនឹងបញ្ជាក់ច្បាស់ជុំវិញពេលវេលានៃការជាសះស្បើយរបស់លោក»។

West Ham បានឡើងទៅលំដាប់ទី៣ នៅតារាង Premier League បន្ទាប់ពីបានឈ្នះកាលពីថ្ងៃអាទិត្យលើក្រុមខ្លាំង Liverpool។

ក្រុមដែលដឹកនាំដោយលោក David Moyes នេះ នឹងប្រកួតប៉ះក្រុម Wolverhampton Wanderers នៅថ្ងៃទី២០ ខែវិច្ឆិកាខាងមុខ បន្ទាប់ពីការឈប់សម្រាកអន្តរជាតិ៕